ព័ត៌មានអន្តរជាតិ

អគារការិយាល័យមួយក្នុងរដ្ឋធានីប៉េកាំងត្រូវបានគេបិទខ្ទប់ភ្លាមៗ បន្ទាប់ពីបុគ្គលិកធ្វើការម្នាក់បានវិជ្ជមានជាមួយជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង

BY
Khmerpress
January 17, 2022
អគារការិយាល័យមួយក្នុងរដ្ឋធានីប៉េកាំងត្រូវបានគេបិទខ្ទប់ភ្លាមៗ បន្ទាប់ពីបុគ្គលិកធ្វើការម្នាក់បានវិជ្ជមានជាមួយជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុង

អគារការិយាល័យមួយក្នុងរដ្ឋធានីប៉េកាំងត្រូវបានគេបិទខ្ទប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង លើបុគ្គលិកម្នាក់ដែលធ្វើការនៅទីនោះ ខណៈអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដែលទីក្រុងប៉េកាំងបានបង្កើនការប្រុងប្រយ័ត្នចំពោះវ៉ារ្យ៉ង់ថ្មីនេះ នៅពេលដែលប្រទេសចិនកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងា។ អគារការិយាល័យមួយនោះស្ថិតនៅភាគខាងលិចនៃទីក្រុងប៉េកាំង ហើយឥឡូវនេះមន្ត្រីសុខាភិបាលក៏បានរៀបចំខ្នើយ និងគ្រែ ដើម្បីធ្វើចត្តាឡីស័កលើបុគ្គលិកទាំងអស់ដែលនៅជាប់គាំង។

យោងតាមទិន្នន័យដែលប្រមូលបានដោយមន្ត្រីបានឱ្យដឹងថា ករណីជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង មួយនោះ គឺជាស្រ្តីរស់នៅទីក្រុងប៉េកាំង, មិនបានទាក់ទងជាមួយករណីសង្ស័យណាមួយ ហើយក៏មិនបានចាកចេញពីរដ្ឋធានីក្នុងរយៈពេល ១៤ថ្ងៃ កន្លងមកនេះ។ ប្រការនេះវាបានធ្វើឱ្យមានការភ័យខ្លាចចំពោះការឆ្លងក្នុងសហគមន៍នៃវ៉ារ្យ៉ង់ អូមីក្រុង ខណៈប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនក៏បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅតំបន់ Tianjin និងកន្លែងផ្សេងទៀត។ ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្ត្រ Zero-Covid ដោយមានទាំងការបិទខ្ទប់, ការធ្វើតេស្ដយកសំណាក, ពង្រឹងការរឹតត្បឹត និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេសជាដើម ដូច្នេះហើយក្រុមមន្ត្រីសុខាភិបាលនឹងយកចិត្តទុកដាក់ខ្លាំងលើគ្រប់ករណីទាំងអស់ បើទោះបីជាករណីនៅមានតិចក៏ដោយ៕ ដោយ៖ ខ្មែរណូត

Share This Post: