ព័ត៌មានអន្តរជាតិ

ប្រទេសចិនបានសង្ស័យថា ករណីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងដំបូងរបស់ខ្លួន គឺឆ្លងតាមរយៈសំបុត្រដែលផ្ញើមកពីប្រទេសកាណាដា

BY
Khmerpress
January 18, 2022
ប្រទេសចិនបានសង្ស័យថា ករណីជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងដំបូងរបស់ខ្លួន គឺឆ្លងតាមរយៈសំបុត្រដែលផ្ញើមកពីប្រទេសកាណាដា

ថ្មីៗនេះប្រទេសចិនបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង នៅក្នុងទីក្រុងប៉េកាំង ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលខេត្តក្រុងមួយចំនួនកំពុងមើលឃើញពីការឆ្លងថ្មីៗ។ ឥឡូវនេះ អាជ្ញាធរចិនកំពុងចោទប្រកាន់ការឆ្លងដំបូងនៃករណី អូមីក្រុង ទៅលើសារសំបុត្រដែលផ្ញើមកពីបរទេស ហើយមន្ត្រីសុខាភិបាលក៏បានណែនាំឱ្យពលរដ្ឋ ត្រូវមានការពាក់ម៉ាស់ និងស្រោមដៃឱ្យបានត្រឹមត្រូវ នៅរាល់ពេលដែលពួកគេចាប់កាន់សំបុត្រដែលផ្ញើមកពីបរទេសទាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។

ប្រភពបាននិយាយថា អ្នកជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ម្នាក់នោះ មិនមានប្រវត្តិចេញទៅក្រៅទីក្រុងប៉េកាំងនោះទេ ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ នៅមុនពេលគាត់តេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់ក៏មិនមានទំនាក់ទំនងអ្វីជាមួយអ្នកជំងឺសង្ស័យដទៃនោះដែរ ខណៈបុគ្គលិករួមការងារជាមួយគាត់សុទ្ធតែអវិជ្ជមានជាមួយជំងឺ។ ប៉ុន្តែអ្វីដែលគេអាចកំណត់បាន គឺអ្នកជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ដំបូងម្នាក់នោះ បានធ្វើការទទួលសារសំបុត្រពីបរទេសជាញឹកញាប់។ សំបុត្រនោះត្រូវបានគេដឹងថា ផ្ញើមកពីប្រទេសកាណាដា កាត់តាមសហរដ្ឋអាមេរិក និងហុងកុង មុនពេលមកដល់ដៃអ្នកជំងឺម្នាក់នោះ។

គួរឱ្យដឹងដែរថា ប្រទេសចិនតែងតែតាមដានរាល់សកម្មភាពដែលគួរឱ្យសង្ស័យ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ COVID-19 ក្នុងចំនួនច្រើនសារជាថ្មី។ ជាក់ស្ដែងកាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសចិនបានព្រមានថា ជំងឺ COVID-19 អាចឆ្លងតាមកញ្ចប់ប្រៃសណីយ ដោយបានធ្វើតេស្តសម្លៀកបំពាក់កុមាររាប់រយកញ្ចប់ បន្ទាប់ពីមានកម្មករ ៣ នាក់ នៅរោងចក្រកាត់ដេរមួយបានធ្វើតេស្តវិជ្ជមានជាមួយជំងឺនេះ៕ ដោយ៖ ខ្មែរណូត

Share This Post: