ព័ត៌មានអន្តរជាតិ

អ្នកជំនាញថៃ៖ អូមីក្រុង កំពុងវ៉ាដាច់ ដែលតា ក្លាយជាវ៉ារ្យ៉ង់លេចធ្លោជាងគេក្នុងប្រទេសថៃ

BY
Khmerpress
January 19, 2022
អ្នកជំនាញថៃ៖ អូមីក្រុង កំពុងវ៉ាដាច់ ដែលតា ក្លាយជាវ៉ារ្យ៉ង់លេចធ្លោជាងគេក្នុងប្រទេសថៃ

ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ឥឡូវនេះបានវ៉ាដាច់ប្រភេទ ដែលតា ហើយក្លាយជាវ៉ារ្យ៉ង់នាំមុខគេនៅក្នុងប្រទេសថៃ នេះបើតាមអ្នកជំនាញផ្នែកមេរោគ លោកវេជ្ជបណ្ឌិត Yong Poovorawan បានសរសេរនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃអង្គារ។ លោកបានចង្អុលបង្ហាញថា វាត្រូវចំណាយពេលពី ២ ទៅ ៣ខែ ដើម្បីឱ្យ ដែលតា ជំនួសកន្លែងរបស់ អាល់ហ្វា ដែលធ្លាប់ជាប្រភេទលេចធ្លោ ប៉ុន្តែវាចំណាយពេលត្រឹមតែ ១ខែ ប៉ុណ្ណោះសម្រាប់ អូមីក្រុង ដើម្បីនាំមុខប្រភេទ ដែលតា ។

លោកបានពន្យល់ថា ករណីរបស់ អូមីក្រុង ភាគច្រើនត្រូវបានរកឃើញក្នុងចំណោមជនបរទេសក្នុងខែធ្នូ មុនពេលវារីករាលដាលក្នុងចំណោមអ្នកស្រុកក្នុងខែមករា។ ការអះអាងរបស់គាត់ត្រូវបានដកស្រង់ចេញពីការសិក្សាមួយ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលឧត្តមផ្នែករោគវិទ្យានៃសាកលវិទ្យាល័យ Chulalongkorn ។ លោក​បាន​បន្ត​ថា​៖« អូមីក្រុង នឹង​ក្លាយ​ជា​ជំងឺ​ដ៏​លេចធ្លោ​ក្នុង​ប្រទេស​ថៃ​ក្នុង​ខែ​នេះ​ ដោយ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​វិវត្តន៍​»។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Chalermchai Boonyaleephan អនុប្រធានគណៈកម្មការសុខភាពសាធារណៈ បានយល់ស្របថា អូមីក្រុង កំពុងនាំមុខពិតមែន ព្រោះថាវាបានចម្លងអ្នកជំងឺ ៩៧.១% នៅក្នុងប្រទេសថៃ។ លោកបាននិយាយថា មានតែ ២.៨% ប៉ុណ្ណោះ ដែលបានឆ្លងប្រភេទ ដែលតា នេះបើតាមការសិក្សាដែលធ្វើឡើងដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Ramathibodi ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៦ ខែមករា។

លោកបានបន្ថែមថា ចំនួនអ្នកជំងឺ អូមីក្រុង នឹងបន្តកើនឡើងបន្តិចម្តងៗនៅក្នុងប្រទេសថៃ ហើយឈានដល់កម្រិតកំពូលក្នុងរយៈពេល ៣ខែ មុនពេលចុះថយមកវិញ។ គាត់បាននិយាយថា៖«ខ្ញុំសង្ឃឹមថា នឹងមិនមានវ៉ារ្យ៉ង់របស់ជំងឺ COVID-19 ថ្មីទៀត ដែលរីករាលដាលលឿនជាង អូមីក្រុង នាពេលអនាគតទេ»៕ ដោយ៖ ខ្មែរណូត

Share This Post: