ព័ត៌មានអន្តរជាតិ

មិនមានភស្ដុតាងបញ្ជាក់ថាកុមារមានសុខភាពល្អ ចាំបាច់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញ» ទេ, នេះបើតាម WHO

BY
Khmerpress
January 19, 2022
មិនមានភស្ដុតាងបញ្ជាក់ថាកុមារមានសុខភាពល្អ ចាំបាច់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសជំរុញ» ទេ, នេះបើតាម WHO

(ហ្សឺណែវ)៖ ប្រធានក្រុមអ្នកវិទ្យាសាស្ត្រអង្គការសុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បាននិយាយថាបច្ចុប្បន្ន មិនមានភស្ដុតាងណាមួយបង្ហាញថាកុមារ និងក្មេងជំទង់ដែលមានសុខភាពល្អ ចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញនោះទេ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី Soumya Swaminathan ក៏បានសង្កត់ធ្ងន់ដែរថាជាការពិតណាស់ ប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំង បានថយចុះប្រសិទ្ធភាពខ្លះ ក្នុងការប្រឆាំងជាមួយមេរោគបំប្លែងថ្មីអូមីក្រុង។ ប៉ុន្តែ ការសិក្សាស្រាវជា្រវ បន្ថែមត្រូវតែធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់ថាតើនរណាខ្លះ ចាំបាច់ចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ។

គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ អង្គការ WHO កើតមានឡើង ចំពេលបណ្ដាប្រទេសជាច្រើន ដូចជាអ៉ីស្រាអែល បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញដល់កុមារមានអាយុ ១២ឆ្នាំ ខណៈសហរដ្ឋអាមេរិកកាលពីដើមខែមករានេះបានអនុញ្ញាតលើ ការចាក់វ៉ាក់សាំងបង្ការសម្រាប់កុមារមានអាយុពី ១២ ដល់១៥ឆ្នាំ។ កាលពីសប្ដាហ៍មុន ប្រទេសអាល្លឺម៉ង់បានផ្ដល់អនុសាសន៍ឱ្យកុមារមានអាយុពី១២ ដល់១៧ឆ្នាំ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការដូសជំរុញ ហើយហុងគ្រីក៏បានធ្វើដូចគ្នានេះដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: