ព័ត៌មានអន្តរជាតិ

ពលរដ្ឋថៃសម្រុកទៅវត្តមួយនៅខេត្ត Nonthaburi ដើម្បីបិទសន្លឹកមាសពេញមុខ ព្រោះជឿថាលើករាសី រកស៊ីមានបាន (មានវីដេអូ)

BY
Khmerpress
January 19, 2022
ពលរដ្ឋថៃសម្រុកទៅវត្តមួយនៅខេត្ត Nonthaburi ដើម្បីបិទសន្លឹកមាសពេញមុខ ព្រោះជឿថាលើករាសី រកស៊ីមានបាន (មានវីដេអូ)

ថ្មីៗនេះវត្តមួយនៅឃុំ Bang Phai ស្រុក Muang ខេត្ត Nonthaburi កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញអ៉ីនធើណេត ជាមួយនឹងអ្វីដែលគេហៅថា «បិទសន្លឹកមាសលើករាសី» ដើម្បីសុំសេចក្ដីសុខ សិរីសួស្តី មានលាភសំណាង និងរកស៊ីមានបាន។ ការបិទសន្លឹកមាសលើករាសីនេះ គឺត្រូវបានធ្វើឡើងដោយព្រះចៅអធិការវត្តសាលារីដោយផ្ទាល់ ព្រះនាមព្រះគ្រូសាមុត​ប៉ាដន ដោយព្រះអង្គនឹងធ្វើការសរសេរគាថា នៅលើបាតដៃ និងការបិទមាសលើថ្ងាស់ ដល់ញាតិញោមដែលត្រូវការ។ ដើមឡើយវត្តគ្រាន់តែធ្វើការចារយ័ន្តលើបាតដៃ និងលើថ្ងាស់ជាធម្មតាប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏មានទាំងការបិទសន្លឹកមាសថែមទៀត ដោយសារញាតិញោមមានជំនឿថាវាស័ក្ដិសិទ្ធិពិតមែន។

ជាមួយគ្នានេះដែរ ព្រះចៅអធិការនឹងទទួលញាតិញោមតែមួយថ្ងៃ ២ នាក់ប៉ុណ្ណោះ សម្រាប់ការបិទសន្លឹកមាសលើករាសីនេះ ដូច្នេះអ្នកផ្សេងទៀតត្រូវធ្វើការកក់ជាមុន ដោយសារវត្តក៏ត្រូវការទទួលញាតិញោមដែលត្រូវការចារយ័ន្តផ្សេងៗទៀតដែរ។ ក្រៅពីការបិទសន្លឹកមាស ឬធ្វើយ័ន្តគាថារួចហើយនោះ ព្រះគ្រូសាមុត​ប៉ាដន ក៏បានដាស់តឿនឱ្យញាតិញោមត្រូវរស់នៅដោយមានមនសិការ តាំងចិត្តរក្សាសីល គោរពសីល៥ និងចេះយកអាសាគ្នា ទើបជីវិតរបស់ពួកគេមានរស់នៅមានសេចក្ដីសុខ។

យ៉ាងណាក៏ដោយ ការបិទសន្លឹកមាសពេលនេះកំពុងធ្វើឱ្យមានទស្សនៈផ្សេងៗគ្នា ហើយចំណែកវត្តសាលារីផ្ទាល់ ក៏ទំនងជានឹងបិទមិនឱ្យមានពិធីបិទសន្លឹកមាសនេះទៀតហើយ ដោយសារតែមនុស្សផ្អើលខ្លាំងពេក ហើយព្រះចៅអធិការមិនមានបំណងឱ្យវាក្លាយជារឿងបំផុសបំផុលនោះទេ៕ ដោយ៖ ខ្មែរណូត

Share This Post: