ព័ត៌មានអន្តរជាតិ January 27, 2022

ក្រោយភ្លៀងមេឃស្រឡះ! ចិន​ ដក​ការ​រឹត​បន្តឹង​នៅ​ច្រក​ព្រំដែន​សំខាន់​ជាមួយ​វៀតណាមវិញហើយ

Khmerpress

ប្រទេសចិន បានដំណើរការឡើងវិញទាំងស្រុងនូវពាណិជ្ជកម្មជាមួយវៀតណាមតាមច្រកព្រំដែន Tan Thanh ក្នុងខេត្ត Lang Son កាលពីថ្ងៃអង្គារ បន្ទាប់ពីការរឹតបន្តឹងរយៈពេលមួយខែដោយសារវិធានការកូវីដ-១៩។ អាជ្ញាធរគយចិនបានធ្វើការសម្រេចចិត្តមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានជួយដោះស្រាយការប្រមូលផ្តុំនៃកុងតឺន័រដឹកទំនិញដែលមានរយៈពេលមួយខែ។

យ៉ាងណាមិញ គិតត្រឹមថ្ងៃច័ន្ទនេះ មានរថយន្តចំនួន ៣៥៥គ្រឿងកំពុងរង់ចាំឆ្លងព្រំដែនទៅកាន់ប្រទេសចិននៅ Lang Son ធៀបនឹងជាង ៤,០០០គ្រឿង ក្នុងមួយខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបានព្រមានថា ដោយសារវិធានការរឹតបន្តឹង កូវីដ-១៩ ការបោសសម្អាតនៅតាមច្រកព្រំដែន នឹងមិនបន្តឡើងវិញក្នុងល្បឿនដូចមុនការរីករាលដាលនៃជំងឺរាតត្បាតនោះទេ។

ជាមួយគ្នានេះ អាជ្ញាធរវៀតណាមបាននឹងកំពុងហៅកសិករ និងអ្នកនាំចេញឱ្យលក់ទំនិញរបស់ពួកគេទៅប្រទេសចិន ដោយប្រើកូតាផ្លូវការ ដែលបង្កើតកិច្ចសន្យាលក់មុនពេលចែកចាយ ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ពាណិជ្ជកម្មតាមព្រំដែន។ គួរបញ្ជាក់ផងដែរ បើតាមគយវៀតណាម ប្រទេសចិនគឺជាអ្នកទិញធំបំផុតនៃកសិផលរបស់វៀតណាមដែលមានចំនួន ៥៤ភាគរយនៃតម្លៃនាំចេញសរុបក្នុងរយៈពេល ១១ខែដំបូងកាលពីឆ្នាំមុន៕ ដោយ៖ ខ្មែរណូត