ព័ត៌មានអន្តរជាតិ January 31, 2022

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលប៉ូឡូញ

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមការគណនីហ្វេស ប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ចំនួន៣០ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីទទួលយកវាក់សាំងកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប៉ូឡូញ ដែលបានផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃខ្ពស់ចំពោះ ការជួយចែករំលែកវ៉ាក់សាំងគ្នា ទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿនការចាក់វ៉ាក់សាំង នៅទូទាំងសកលលោក ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះ ក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅ បញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រង ការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាធម្មតា។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជា ក៏ដូចជាសកលលោកទាំងមូល បាន និងកំពុងទទួលរងនូវការឆ្លង រាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ជាពិសេស ប្រភេទអូមីក្រុង (Omicron) ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ ។ ក្នុងបរិការណ៍នេះ ការចាក់វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស ។

ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ ដែលមានទំនាក់ទំនងការទូត តាំងពី ឆ្នាំ១៩៦៧ ។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងប៉ូឡូញបានរក្សាទំនងទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម ។

កម្ពុជាសូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និងការគាំទ្រដល់កម្ពុជា ក៏ដូចជាតំបន់ អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ។ ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និង សាមគ្គីភាពរវាង កម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាងកម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតថែមទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺ Covid-19 ទាំងអស់គ្នា ត្រូវរៀនរស់តាមបែបគន្លងថ្មី ជាពិសេសការអនុវត្តវិធានការសុខាភិបាលឲ្យបានជាប់ខ្លួនជានិច្ច៕