ការសិក្សារបស់អាមេរិកបានអះអាងថា វ៉ាក់សាំងដូសទី៣ នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើនរបស់វា ក្រោយរយៈពេល ៤ខែ
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានចេញផ្សាយការសិក្សាមួយកាលពីម្សិលមិញ ដែលបានរកឃើញថា ដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំង Pfizer និង Moderna នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើន នៅក្នុងរយៈពេល ៤ខែ បន្ទាប់ពីអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាក់ដូសជំរុញនេះរួច។ ការសិក្សានេះបានប្រៀបធៀបពីរបៀបនៃអ្នកទទួលថ្នាំបង្ការ និងមិនបានចាក់វ៉ាក់សាំងបង្ការ ថាពួកគេនឹងតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ឬយ៉ាងណា។ វាបានរកឃើញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៨៧% សម្រាប់ពលរដ្ឋក្នុងអំឡុងពេល ២ខែ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងលើកទី៣ ប៉ុន្តែនៅខែទី៣ វានឹងនៅសល់ប្រសិទ្ធភាពតែ ៦៦% ប៉ុណ្ណោះ។
នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងមានភាពលេចធ្លោ វ៉ាក់សាំងដូសទី៣ មានប្រសិទ្ធភាព ៩១% ក្នុងការជួយមនុស្សដែលធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ដោយពួកគេមិនចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យឡើយ នៅក្នុងអំឡុងពេលក្រោយ ២ខែ បន្ទាប់ពីពួកគេទទួលបានដូសទី៣ ប៉ុន្តែវាមានប្រសិទ្ធភាពត្រឹមតែ ៧៨% នៅត្រឹមខែទី៤។ ការសិក្សានេះបានវិភាគទៅលើ អ្នកចូលបន្ទប់សង្គ្រោះបន្ទាន់ និងបន្ទប់ថែទាំចំនួន ២៤១,២០៤ នាក់ ហើយការចូលមន្ទីរពេទ្យចំនួន ៩៣,៤០៨ នាក់ នៅចន្លោះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ 2022។ CDC បាននិយាយថា វាជារឿងសំខាន់សម្រាប់មនុស្សក្នុងការពិចារណាក្នុងការទទួលបានកម្រិតថ្នាំបន្ថែមទៀត ដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការការពារពីជំងឺ COVID-19៕ ដោយ៖ ខ្មែរណូត

