ចិនប្រកាសផ្តល់ប្រាក់រង្វាន់ជាង ៣ម៉ឺនដុល្លារដល់ពលរដ្ឋណាដែលអាចផ្តល់ដំណឹងដល់ប៉ូលិសដើម្បីស្វែករកអ្នករត់ពន្ធអ្នកជំងឺកូវីដ ៤នាក់ដោយខុសច្បាប់មកកាន់ចិនដីគោក
ចិន៖ អាជ្ញាធរចិនប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ២សែនយន់ (៣១,៥៧០ ដុល្លារអាមេរិក) ដល់ពលរដ្ឋរូបណាដែលអាចផ្តល់ដំណឹងជូនប៉ូលិសដើម្បីបំបែកសំណុំរឿង មានអ្នករត់ពន្ធអ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់ចូលមកក្នុងប្រទេសចិនដោយខុសច្បាប់។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះអាជ្ញាធរចិនបានរកឃើញពលរដ្ឋហុងកុងចំនួន ៤នាក់តេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈពលរដ្ឋហុងកុងទាំងនោះមិនបានធ្វើចត្តាឡីស័កនោះទេក្រោយពេលមកដល់ទឹកដីចិនដីគោកភ្លាម។
ប្រភពខាងលើបានបន្តថា ថ្មីៗនេះអាជ្ញាធរចិនបានកំណត់ដាក់ក្រុងហុងកុងជាដែនដីដែលមានហានិភ័យខ្ពស់ក្នុងរាតត្បាតត្បាតជំងឺកូវីដ-១៩ ហើយពលរដ្ឋគ្រប់រូបដែលបានធ្វើដំណើរដោយស្របច្បាប់មកពីហុងកុងត្រូវមានកាតព្វកិច្ចធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ទើបអាចបន្តដំណើរលើទឹកដីចិនដីគោកបាន។ យ៉ាងណាក្តី ចំពោះករណីពលរដ្ឋហុងកុងទាំង ៤នាក់ខាងលើនេះវិញ គឺពួកគេបានឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ឬភ្នាក់ងារក្រៅផ្លូវការ ទើបពួកគេមិនបានធ្វើចត្តាឡីស័កនោះទេ ហើយអ្វីដែលជារឿងអកុសលនោះគឺពួកគេសុទ្ធតែបានតេស្តវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់។ គួររម្លឹកជូនថា ចិនកំពុងតែអនុវត្តវិធានការយ៉ាងតឹងរឹងបំផុតដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ឲ្យស្ថិតនៅកម្រិតសូន្យ ដូចនេះអ្នកដែលនៅពីក្រោយរឿងខុសច្បាប់មួយនេះប្រាកដជាត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរមិនខាន ប្រសិនបើប៉ូលិសចិនអាចកំណត់អត្តសញ្ញាណពួកគេបាននោះ៕ ដោយ៖ ខ្មែរណូត


