ព័ត៌មានអន្តរជាតិ

BREAKING: មហាសេដ្ឋី Bill Gates និងភរិយា បានប្រកាសសម្រេចចិត្តលែងលះគ្នា

BY
Khmerpress
May 4, 2021
BREAKING: មហាសេដ្ឋី Bill Gates និងភរិយា បានប្រកាសសម្រេចចិត្តលែងលះគ្នា

(អាមេរិក)៖ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះថា កំពូលមហាសេដ្ឋី Bill Gates និងលោកស្រី Melinda Gates បានប្រកាសរួមគ្នាតាមរយៈគណនី Twitter របស់ពួកគេដោយសម្រេចបញ្ចប់អាពាហ៍ពិពាហ៍ បន្ទាប់ពីរស់នៅជាមួយគ្នារយៈពេល២៧ ឆ្នាំ។

សេចក្តីថ្លែងការណ៍បានសរសេរថា «បន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ លើទំនាក់ទំនងរបស់យើង យើងបានសម្រេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកយើង»។

កំពូលមហាសេដ្ឋី Bill Gates បច្ចុប្បន្នឆ្នាំ២០២១នេះ មានទ្រព្យសម្បត្តិ ១២៩.៩ពាន់លានដុល្លារ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។

កាលពីឆ្នាំ២០០០ លោក Bill Gates បានបង្កើតអង្គការមនុស្សធម៌រួមគ្នា គឺមូលនិធិ Bill និង Melinda Gates។ ចាប់តាំងពីពេលនោះមកមូលនិធិនេះបានចំណាយថវិកាចំនួន៥៣,៨ពាន់លានដុល្លារ លើគំនិតផ្តួចផ្តើមជាច្រើនទាក់ទងនឹង សុខភាពពិភពលោក ការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពការងារជាច្រើនទៀត។

ពាក់ព័ន្ធកិច្ចការមនុស្សធម៌យើងបន្តធ្វើការងារជាមួយគ្នា ប៉ុន្តែជីវិតស្នេហាប្តីប្រពន្ធយើងអាចរីកចម្រើនជាមួយគ្នាទេ។ ម្ចាស់ក្រុមហ៊ុនយក្ស Microsoft លោក Bill Gates មានអាយុ៦៥ឆ្នាំ និងលោកស្រី Melinda Gates អាយុ៥៦ឆ្នាំ។

អ្នកទាំងពីរមានកូន៣នាក់, កូនស្រីច្បងមានអាយុ២៥ឆ្នាំ ឈ្មោះ Jennifer Katharine Gates, កូនប្រុសកណ្តាល អាយុ២១ឆ្នាំ ឈ្មោះ Rory John Gates និងកូនស្រីពៅ អាយុ១៨ឆ្នាំ ឈ្មោះ Phoebe Adele Gates ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: