វេជ្ជបណ្ឌិតថៃបញ្ជាក់ថា ជាង៥០% នៃអ្នកឆ្លងកូវីដនៅថៃ បានឆ្លង អូមីក្រុង ប្រភេទ BA.2
យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន nationthailand នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរថៃបានសម្រេចប្រកាសអាសន្នកម្រិត ៤ ជាផ្លូវការហើយ ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ការប្រកាសអាសន្នកម្រិត ៤ នេះមានដូចជា៖
-ហាមមិនឲ្យចូលតំបន់ ដែលមានហានិភ័យខ្ពស់
-ហាមមិនអោយហូបចុកជុំគ្នា និងទទួលទានគ្រឿងស្រវឹងនៅក្នុងហាង
-ជៀសវាងការទិញទំនិញនៅកន្លែង ដែលមានមនុស្សច្រើន ដូចជាផ្សារធម្មតា និងផ្សារទំនើប
-ជៀសវាងនៅជិត ឬក្បែរអ្នកដទៃ នៅខាងក្រៅផ្ទះ
-រៀបចំឲ្យបុគ្គលិកពី ៥០-៨០% ធ្វើការនៅផ្ទះ
-ពន្យារពេលការធ្វើដំណើរឆ្លងខេត្ត បើមានករណីចាំបាច់ អាជ្ញាធរណែនាំឲ្យធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន
-ជៀសវាងការធ្វើដំណើរទៅក្រៅប្រទេស
-ប្រសិនបើធ្វើដំណើរមកពីក្រៅប្រទេស ចាំបាច់ធ្វើត្រូវចត្តាឡីស័ក។
លោកវេជ្ជបណ្ឌិត Chakrarat Pittayawong-anon ប្រធានផ្នែករោគរាតត្បាត នាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃកំពុងកើនឡើងគ្រប់ក្រុមមនុស្ស ជាពិសេសក្នុងក្រុមមនុស្សអ្នកបំពេញការងារ និងក្រុមសិស្សសាលា។ វេជ្ជបណ្ឌិតរូបនេះបានសង្កត់ធ្ងន់ថា នៅក្នុង ៥៣ ភាគរយនៃអ្នកជំងឺដែលបានរកឃើញជាមួយមេរោគបម្លែងថ្មី Omicron មិនឃើញមានរោគសញ្ញាអ្វីឡើយ ខណៈពេលដែល ៤៧ ភាគរយមានរោគសញ្ញា ភាគច្រើនគឺឈឺបំពង់ក ក្អក និងគ្រុនក្តៅកម្រិតទាប។ ទន្ទឹមនឹងនោះ ជំងឺរាតត្បាតកូវីដ ១៩ ប្រភេទ Omicron BA.2 មានសមត្ថភាពរីករាលដាលលឿនជាង BA.1 រហូតដល់ទៅ ១.៤ ដង។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ជាង ៥០ ភាគរយនៃករណីឆ្លងនៅក្នុងប្រទេសថៃគឺ អូមីក្រុង ប្រភេទ BA.2។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានបញ្ជាឱ្យយោធារៀបចំមន្ទីរពេទ្យចល័ត ដើម្បីដោះស្រាយស្ថានការណ៍ និងផ្តល់ជំនួយនៅមូលដ្ឋាន ដោយសម្របសម្រួលជាមួយក្រសួងសុខាភិបាលសាធារណៈ។ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ Kongcheep Tantravanich បាននិយាយថា មន្ទីរពេទ្យយោធាត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស ដោយផ្តល់គ្រែចំនួន ៧,០០០គ្រែបន្ថែមទៀត ហើយមន្ទីរពេទ្យចល័តមួយចំនួននៅក្នុងផ្នែកកងទ័ពកំពុងដំណើរការនៅឡើយ៕ ដោយ៖ ខ្មែរណូត


