ថៃនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់អ្នកដំណើរអន្តរជាតិនៅដើមខែមីនានេះ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ថៃកាលពីថ្ងៃពុធ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះបានប្រកាសថា អាជ្ញាធរថៃនឹងលុបចោលវិធានការតឹងរឹងមួយចំនួនសម្រាប់អ្នកដំណើរអន្តរជាតិនៅដើមខែមីនានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ចាប់ពីដើមខែក្រោយនេះទៅអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់អាចធ្វើដំណើរទៅកាន់ប្រទេសបានដោយមិនចាំបាច់ត្រូវអនុវត្តវិធានាការធ្វើចត្តាឡីស័កនោះទេ ហើយជំនួសមកវិញពួកគេនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ-១៩ដោយម៉ាស៊ីន PCR ភ្លាមពេលទៅដល់ប្រទេសថៃ និង ៥ថ្ងៃបន្ទាប់មកទៀតត្រូវធ្វើតេស្តដោយប្រើឧបករណ៍តេស្តរហ័សម្តងទៀត។
យ៉ាងណាក្តី មុនពេលធ្វើដំណើរមកកាន់ប្រទេសថៃអ្នកដំណើរអន្តរជាតិទាំងអស់ក៏តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR ក្នុងរយៈពេល ៧២ម៉ោងមុនពេលចេញដំណើរផងដែរ ហើយពេលមកដល់ប្រទេសថៃពួកគេត្រូវសម្រាកនៅក្នុងសណ្ឋាគារមួយយប់ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តដោយម៉ាស៊ីន PCRរបស់អាជ្ញាធរថៃ។ បន្ទាប់មកអ្នកដំណើរគ្រប់រូបត្រូវដំឡើងកម្មវិធី Mor Chana នៅក្នុងទូរស័ព្ទដៃដើម្បីផ្ញើរលទ្ធផលតេស្តដោយឧបករណ៍តេស្តរហ័សមកកាន់អាជ្ញាធរថៃ ដែលតេស្តនេះពួកគេត្រូវធ្វើដោយខ្លួនឯងក្នុងរយៈពេល ៥ថ្ងៃបន្ទាប់។ ក្រៅតែពីបានបន្ធូរបន្ថយវិធានការដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរថៃក៏បានសម្រេចកាត់បន្ថយប្រាក់សម្រាប់ធានារ៉ាប់រងការធ្វើដំណើរពី ៥០,០០០ ដុល្លារ មកសល់ត្រឹម ២០,០០០ ដុល្លារផងដែរ៕ ដោយ៖ ខ្មែរណូត

International visitors follow a health official inside the arrival terminal at Suvarnabhumi International Airport as Thailand welcomes the first group of vaccinated tourists without quarantine in Bangkok on November 1, 2021. (Photo by Lillian SUWANRUMPHA / AFP)


