ព័ត៌មានអន្តរជាតិ February 25, 2022

សហរដ្ឋអាមេរិក ចោទថារុស្ស៊ីមានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ខណៈកំពុងសំដៅទៅកាន់ទីក្រុងកៀវ

Khmerpress

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ជឿជាក់ថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺមានបំណងផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ខណៈកងទ័ពរុស្ស៊ីមួយចំនួនកំពុងឆ្ពោះតម្រង់ទៅកាន់ទីក្រុងកៀវ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងពេលប្រកាសពីប្រតិបត្តិការយោធាឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថារុស្ស៊ីគ្មានបំណងគ្រប់គ្រងអ៊ុយក្រែននោះទេ ពោលគឺប្រតិបត្តិការយោធាមានគោលដៅការពារតំបន់ផ្ដាច់ខ្លួនទាំង២ និងពលរដ្ឋនិយាយភាសារុស្ស៊ី ក៏ដូចជាបណ្ដេញកងទ័ពអ៊ុយក្រែន ចេញពីតំបន់ភាគខាងកើតអ៊ុយក្រែនតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីយោធាអាមេរិកជាន់ខ្ពស់ខាងលើដដែលបានឱ្យដឹងថាការវាយតម្លៃបឋម និងភស្តុតាងជាច្រើនបង្ហាញថារុស្ស៊ីមានផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ប៉ុន្តែ មន្ត្រីរូបនេះមិនបានបញ្ជាក់ពីភស្ដុតាងលម្អិតណាមួយឡើយ។

គួរបញ្ជាក់ថា របាយការណ៍បឋមបានបង្ហាញឲ្យឃើញថា មនុស្សសរុប ១៣៧នាក់ បានបាត់បង់ជីវិត និងជាង៣០០នាក់រងរបួស នៅក្នុងរយៈពេល ពេញមួយថ្ងៃដំបូង (ថ្ងៃទី២៤ ខែកុម្ភៈ) នៃប្រតិបត្តិការយោធារបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ខណៈបណ្តាប្រទេសលោកខាងលិច បានត្រឹមរួមគ្នាដាក់ទណ្ឌកម្ម។

ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយលុកអ៊ុយក្រែន កាលពីពេលព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បើតាមរបាយការណ៍បឋមពីអាជ្ញាធរអ៊ុយក្រែន ប្រជាជនយ៉ាងហោចណាស់ ១០០,០០០នាក់បានរត់ភៀសខ្លួន ខណៈមួយចំនួនបានសម្ងំស្នាក់នៅ ក្នុងផ្លូវរថភ្លើងក្រោមដី៕ ផ្តល់សិទ្ធិដោយ៖ freshnews