ព័ត៌មានអន្តរជាតិ February 25, 2022

BREAKING: រដ្ឋធានីកៀវ របស់អ៊ុយក្រែន កំពុងរងការវាយប្រហារដោយគ្រាប់មីស៊ីល ពីកងទ័ពរុស្ស៊ី

Khmerpress

(កៀវ)៖ ទីប្រឹក្សាម្នាក់នៃរដ្ឋាភិបាលអ៊ុយក្រែន បានឱ្យដឹងថារដ្ឋធានីកៀវ បាន និងកំពុងរងការវាយប្រហារដោយគ្រាប់មីស៊ីល នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅអ៊ុយក្រែន)។ ប៉ុន្តែ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬគោលដៅនៃការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់ CNN ទីប្រឹក្សានៃក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អាន់តុន ហ្សេរ៉ាស់ឈិនកូ (Anton Gerashchenko) បានបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ ធ្វើឡើងដោយគ្រាប់មីស៊ីលបាលិស្ទីគ ឬមីស៊ីលគ្រូស ហើយការវាយប្រហារនៅតែបន្តធ្វើឡើង»។

បើតាមក្រុមមន្ត្រីអាមេរិក កងទ័ពរុស្ស៊ីកំពុងសំដៅទៅកាន់រដ្ឋធានីកៀវ ក្រោមផែនការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន។ ខាងរុស្ស៊ីមិនទាន់ឆ្លើយតបអ្វីទេ តែលោក ពូទីនធ្លាប់អះអាងថារុស្ស៊ីគ្មានផែនការបែបនេះទេ ហើយថាប្រតិបត្តិការយោធារបស់ខ្លួនមានគោលដៅការពារជនស៊ីវិល និងប្រជាជន និយាយភាសារុស្ស៊ីដែលកំពុងរងការប្រល័យពូជសាសន៍ នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនតែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews