ព័ត៌មានអន្តរជាតិ February 26, 2022

BREAKING: រុស្ស៉ីព្រមានហ្វាំងឡង់និងស៊ុយអែតទុកឱ្យហើយ ប្រសិនបើហ៊ានព្យាយាមចូលជាសមាជិក NATO

Khmerpress

(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានចេញសារព្រមានធ្ងន់ៗចំពោះហ្វាំងឡង់ហើយនិងស៊ុយអែត ប្រសិនបើប្រទេសទាំងពីរ ហ៊ានព្យាយាមចូលជាសមាជិករបស់អង្គការ NATO ដោយនិយាយថាការធ្វើយ៉ាងដូច្នោះ នឹងត្រូវប្រឈមមុខជាមួយផលវិបាកធំ ទាំងផ្នែកនយោបាយនិងយោធាពីសំណាក់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

កំលុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា (Maria Zakharova) បានធ្វើការលើកឡើងដូចខាងលើ ស្របពេលដែលកងទ័ពរុស្ស៉ីបន្តការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែន បន្ទាប់ពីរុស្ស៉ីបានបើកប្រតិបត្តិការយោធា ចូលទៅកាន់ប្រទេសក្បែរខាងខ្លួនមួយនេះ។

លោកស្រីអ្នកនាំពាក្យ បាននិយាយយ៉ាងដូច្នេះថា «ហ្វាំងឡង់និងស៊ុយអែត មិនគួរដើម្បីតែសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសដទៃទៀតនោះឡើយ ហើយការចូលជាសមាជិកនៃអង្គការ NATO អាចនឹងធ្វើឱ្យប្រទេសទាំងពីរ ត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ទាំងតាមផ្នែកនយោបាយនិងយោធា»។

ការព្រមានខាងលើនេះបានកើតមានឡើង ស្របពេលដែលរុស្ស៉ីកំពុងបន្តប្រតិបត្តិការយោធាខ្លួននៅអ៊ុយក្រែន ដោយកងទ័ពរុស្ស៉ីកំពុងបន្តរុលទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន។ ជាយូរមកហើយ ថ្នាក់ដឹកនាំអ៊ុយក្រែនបានបង្ហាញពីបំណងចង់ចូលជាសមាជិក NATO ប៉ុន្តែរុស្ស៉ីបានសម្តែងការជំទាស់យ៉ាងដាច់អហង្ការចំពោះរឿងនេះ។

គួរបញ្ជាក់ថា អង្គការ NATO មិនបានចូលពាក់ព័ន្ធក្នុងសង្រ្គាម ដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែនឡើយ ហើយក៏មិនបានបញ្ជូនទ័ពឱ្យទៅជួយការពារអ៊ុយក្រែនដែរ។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងចូលពាក់ព័ន្ធភ្លាមៗ ប្រសិនបើរុស្ស៉ីហ៊ានប៉ះប្រទេសជាសមាជិក NATO៕ ផ្តល់សិទ្ធិដោយ៖ freshnews