ព័ត៌មានអន្តរជាតិ March 9, 2022

អ៊ុយក្រែនប្រកាសថា៖ «ជនបរទេសដែលចូលរួមប្រយុទ្ធ ដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិ»

Khmerpress

(កៀវ)៖ អនុរដ្ឋមន្រ្តីនៃមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីន (Yevhen Yenin) បាននិយាយកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មានអ៊ុយក្រែន Ukrinform បានដកស្រង់សម្តីរបស់លោក យេននីន ថា អ៊ុយក្រែន កំពុងបង្កើតកងកម្លាំងអន្តរជាតិមួយដើម្បីការពារទឹកដី ដែលរួមមានជនបរទេស ដែលចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងការវាប្រហាររបស់រុស្ស៊ី និងការពារសន្តិសុខពិភពលោក។

លោក យេននីន បានបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង ហើយអ្នកទាំងអស់នោះនឹងចុះកិច្ចសន្យា, ទទួលបានលិខិតឆ្លងដែនយោធា ដែលនឹងជំនួសដោយលិខិតអនុសញ្ញាតការស្នាក់នៅ របស់ពួកគេ។ នៅពេលខាងមុខទៀតនោះ ប្រសិនបើជនបរទេសទាំងនេះ ចង់ក្លាយជាពលរដ្ឋអ៊ុយក្រែន ច្បាប់របស់យើងនឹងផ្តល់មធ្យោបាយ ឱ្យពួកគេ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា យុទ្ធជនបរទេសដំបូង ក្នុងចំណោម ១៦,០០០នាក់ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមប្រយុទ្ធជាមួយរុស្ស៊ី។ ស្ថានទូតអ៊ុយក្រែន ត្រូវគេដឹងថា បានជួយជ្រើសរើសអ្នកប្រយុទ្ធបរទេស ដែលអ្នកខ្លះមិនធ្លាប់ទទួលការហ្វឹកហ្វឺនយោធាពីមុនមកទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews