ព័ត៌មានអន្តរជាតិ March 10, 2022

សភាអាមេរិកអនុម័តផ្ដល់ជំនួយចំនួន ១៣.៦ ពាន់លានដុល្លារ សម្រាប់ជាជំនួយទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប

Khmerpress

សភាអាមេរិកបានអនុម័តការចំណាយចំនួន ១៣.៦ ពាន់លានដុល្លារ នៅយប់ថ្ងៃពុធ សម្រាប់ជាជំនួយទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បន្ទាប់ពីគណបក្សប្រជាធិបតេយ្យត្រូវបានបង្ខំឱ្យទម្លាក់ចុះផែនការភ្លាមៗ រួមបញ្ចូលមូលនិធិថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ជំនួយ​សម្រាប់ប្រទេស​អ៊ុយក្រែន គឺ​មាន​គោល​បំណង​ជួយ​ពង្រឹង​វិស័យ​យោធា​របស់​ពួកគេ និង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ ដែលរងគ្រោះនៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ ចំណែកការអនុម័តរបស់ព្រឹទ្ធសភា នឹងត្រូវបានធានានៅចុងសប្តាហ៍ ឬប្រហែលជាយូរជាងនេះបន្តិច។

ប៉ុន្មានម៉ោងមុននេះ ប្រធានសភាលោកស្រី Nancy Pelosi ក៏ត្រូវបោះបង់ចោលសេចក្ដីព្រាងទឹកប្រាក់ ១៥.៦ ពាន់លានដុល្លារ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលភាគច្រើននៃគម្រោងថវិកានោះ គឺដើម្បីជំរុញការផ្គត់ផ្គង់វ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្តលើពលរដ្ឋអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងជំងឺនៅជុំវិញពិភពលោក។

ជំនួយអ៊ុយក្រែនរួមមាន ៦.៥ ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់អាមេរិក ក្នុងការបញ្ជូនកងទ័ព និងអាវុធទៅកាន់អឺរ៉ុបខាងកើត និងបំពាក់កងកម្លាំងសម្ព័ន្ធមិត្តនៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន និងការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មានទឹកប្រាក់ចំនួន ៦.៨ ពាន់លានដុល្លារផ្សេងទៀត សម្រាប់ថែទាំជនភៀសខ្លួន និងផ្តល់ជំនួយសេដ្ឋកិច្ចដល់សម្ព័ន្ធមិត្ត និងជាច្រើនទៀត ដើម្បីជួយភ្នាក់ងារសហព័ន្ធអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី និងការពារប្រឆាំងនឹងការគំរាមកំហែងតាមអ៉ីនធឺណិតនៅផ្ទះ៕ ដោយ៖ ខ្មែរណូត