សហរដ្ឋអាមេរិកមិនហាមពលរដ្ឋ ទៅចូលរួមប្រយុទ្ធនៅអ៊ុយក្រែនឡើយ តែព្រមានពីហានិភ័យ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន
(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោនមិនមានផែនការ តាមដានពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ម័គ្រចិត្តជួយប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធនោះទេ ខណៈដែលការវាយប្រហារបស់រុស្ស៊ីនៅតែបន្ត។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក បានព្រមានថា ការធ្វើដំណើរបែបនេះអាចនឹងមាន «ការចាប់ខ្លួន ឬបាត់បង់ជីវិត»។ នេះបើយយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២។
ពលរដ្ឋអាមេរិកដែលធ្វើដំណើរទៅក្រៅប្រទេស មិនតម្រូវឲ្យចុះឈ្មោះនៅក្រសួងការបរទេស តាមមធ្យោបាយណាមួយនោះទេ ដូច្នេះពួកគេក៏មិនស្ថិតនៅក្រោមការតាមដានដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក នេត ផ្រាយ (Ned Price) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដែលបានឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃសុក្រសប្តាហ៍នេះ ដែលសួរថាតើមានជនជាតិអាមេរិកប៉ុន្មាននាក់ហើយ ដែលបានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន។
លោក ផ្រាយ បានកត់សម្គាល់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែជម្រុញឲ្យពលរដ្ឋចៀសវាងការទៅចូលរួមជួយប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធ ប៉ុន្តែលោកបានស្នើមិនឲ្យមានចំណាត់ការប្រឆាំងឬរារាំង អ្នកដែលសម្រេចចិត្តជ្រើសរើសធ្វើយ៉ាងដូច្នោះឡើយ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន បង្កហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួនហើយពលរដ្ឋអាមេរិកគួរតែដឹងថារុស្ស៊ី មានគោលបំណងចាត់ទុកជនបរទេស ដែលប្រយុទ្ធសង្រ្គាមអ៊ុយក្រែនជា «ទាហានស៊ីឈ្នួល» ជាជាងអ្នកប្រយុទ្ធស្របច្បាប់ ឬអ្នកទោសសង្រ្គាម។ យ៉ាងណាក៏ដោយទីក្រុងវ៉ាស៊ីនតោន រំពឹងថាទីក្រុងមូស្គូនឹងគោរពកាតព្វកិច្ចនិងច្បាប់ នៃការធ្វើសង្រ្គាមរបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews


