ព័ត៌មានអន្តរជាតិ March 21, 2022

អ៊ុយក្រែន ប្រាប់រុស្ស៊ី៖ គ្មានផ្លូវឡើយ ដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់

Khmerpress

(ឡុងដ៍)៖ អ៊ុយក្រែន បាននិយាយថាពួកគេនឹងមិនចុះចាញ់ឡើយ បន្ទាប់ពីរុស្ស៊ីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានប្រាប់ ឱ្យយោធាអ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធនៅក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) ទម្លាក់អាវុធសុំចុះចាញ់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក, ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អៀរីណា វេរ៉េសឈុគ (Iryna Vereshchuk) បានបញ្ជាក់ដូច្នេះថា «គ្មានផ្លូវអាចទៅរួចឡើយដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់ ហើយយើងក៏បានជូនដំណឹងទៅកាន់ភាគីរុស្ស៊ី ពីរឿងនេះផងដែរ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, ទីក្រុងម៉ូស្គូបានប្រាប់ឱ្យកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដែល កំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ទម្លាក់អាវុធចុះចាញ់។ ទីក្រុង Mariupol បានរងការវាយប្រហារទម្លាក់គ្រាប់បែកពីសំណាក់ កងទ័ពរុស្ស៊ីតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ ខណៈប្រជាជនរាប់ម៉ឺននាក់នៅតែបន្តជាប់គាំងនៅក្នុងទីក្រុងនេះនៅឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews