ចិនបើកការត្រួតពិនិត្យសុវត្ថិភាពលើ ក្រុមហ៊ុនអាកាសចរណ៍និងផ្នែកពាក់ព័ន្ធ ខណៈការស្វែងជនរងគ្រោះពីការធ្លាក់យន្តហោះនៅតែបន្ត ទោះមានសង្ឃឹមកាន់តែតិចទៅៗក៏ដោយ
(ប៉េកាំង)៖ និយ័តករនៃវិស័យអាកាសចរណ៍របស់ប្រទេសចិន បានចាប់ផ្តើមការត្រួតពិនិត្យលើគ្រប់ផ្នែកនៃវិស័យអាកាសចណ៍ សម្រាប់ភាពចន្លោះប្រហោងផ្នែកសុវត្ថិភាព ដែលអាចត្រូវបានមើលរំលង ខណៈដែលអាជ្ញាធរកំពុងបន្តការស្វែងរកជនរងគ្រោះ និង ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន China Eastern ដែលបានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។
រហូតមកដល់ពេលនេះ មូលហេតុនៃការធ្លាក់យន្តហោះ China Eastern ក្នុងតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ខណៈអាជ្ញាធរអាកាសចរណ៍ចិនបានព្រមានថា ការស៊ើបអង្កេតនឹងមានភាពលំបាកខ្លាំង ដោយសារតែយន្តហោះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន កាលពីថ្ងៃអង្គារម្សិលមិញបានឱ្យដឹងថា ការធ្វើអធិការកិច្ចដែលមានរយៈពេល២សប្តាហ៍លើវិស័យអាកាសចរណ៍ នឹងរួមបញ្ចូលទាំងការចុះពិនិត្យលើ ការិយាល័យគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសប្រចាំតំបន់ទាំងអស់ ប្រមទាំងក្រុមហ៊ុនអាកាសចរណ៍ និងវិទ្យាស្ថានបណ្តុះបណ្តាលការហោះហើរ ដើម្បីធានាសុវត្ថិភាពឱ្យបានទាំងស្រុង ចំពោះប្រតិបត្តិការអាកាសចរណ៍ ក៏ដូចជាជីវិតមនុស្ស។
គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-800 របស់អាកាសចរណ៍ China Eastern បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កំលុងគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។ នៅលើនោះ មានផ្ទុកមនុស្សសរុប១៣២នាក់ រួមមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់។ អាជ្ញាធរចិនបានអះអាងថា នឹងនៅតែបន្តប្រតិបត្តិការស្វែងរកជនរងគ្រោះ ដរាបណានៅមានពន្លឺនៃក្តីសង្ឃឹម បើទោះបីជាវាកាន់តែតូចទៅៗក៏ដោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews




