ព័ត៌មានជាតិ April 9, 2021

ព្រឹកនេះសាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សចាស់

Khmerpress

(ភ្នំពេញ)៖ ព្រឹកថ្ងៃស្អែកសាលារាជធានីភ្នំពេញ នឹងដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្ស ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨មេសា។

«នៅថ្ងៃទី៩មេសាស្អែកនេះ ការដ្ឋាន ជួសជុលស្ពានព្រះមុនីវង្សចាស់ក៏ត្រូវអ៊ុតកៅស៊ូដែរ។ ក្នុងនោះគេមិន អាច ផ្អាកការដ្ឋានដោយធ្វើតែពេលថ្ងៃ ឬក៏ធ្វើតែពេលយប់បានឡើយ ព្រោះនៅលើស្ពានដែលឈូសឆាយកៅស៊ូចាស់នោះ ក៏មិនអាច បើក ឲ្យចរាចរណ៍ឆ្លងកាត់បានឡើយ។ ដូច្នេះ មានតែមន្ត្រីជំនាញយើង ខិតខំធ្វើយ៉ាងណាឲ្យការដ្ឋាន នេះ រួចរាល់ តាមការគ្រោងទុក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសានេះ» នេះបើយោងតាមអ្នកនំាពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

សូមជំរាបថា សាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋាន ជួសជុលផ្លូវ លើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ដែល ជាផ្លូវឯកទិស សម្រាប់ចូល ពីច្បារអំពៅ មកភ្នំពេញ នៅថ្ងៃទី៨ ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹម រហូតដល់ យប់ ហួសម៉ោងបម្រាមគោចរ នៅម៉ោង ៨យប់នេះទៅទៀត ៕ ផ្តល់សិទ្ធិដោយ៖ freshnews