លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងប្ដឹងទារសំណង ២៤ លានដុល្លារ ប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន និងបុគ្គលជាច្រើននាក់ទៀត
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងដ៏ធំសម្បើមមួយ កាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន គណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងមនុស្សចំនួន ២៦ នាក់ផ្សេងទៀត ក៏ដូចជាអង្គភាពនានា ដែលរូបគាត់បានអះអាងថា បានសមគំនិតគ្នាធ្វើឱ្យខូចដល់យុទ្ធនាការឃោសនាបោះឆ្នាំ២០១៦ របស់គាត់ ជាមួយនឹងការចងភ្ជាប់រូបគាត់ទៅនឹងប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ ពាក្យបណ្តឹងនោះបានដាក់ឈ្មោះបុគ្គលជាច្រើន ដោយរួមទាំងអតីតនាយក FBI លោក James Comey និងមន្រ្តី FBI ផ្សេងទៀត, ចារកម្មអង់គ្លេសចូលនិវត្តន៍លោក Christopher Steele និងសហការីរបស់គាត់ និងទីប្រឹក្សាយុទ្ធនាការលោកស្រី គ្លីនតុន មួយក្ដាប់តូចបន្ថែមទៀត។ លោក ដូណាល់ ត្រាំ បានចោទប្រកាន់បុគ្គល និងអង្គភាពទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយនិយាយថា ពួកគេបានសមគំនិតគ្នាប្រឆាំងនឹងរូបលោក។
នៅពាក្យបណ្តឹងដែលមានចំនួន ១០៨ទំព័រ ដែលដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋផ្លរីដាបាននិយាយថា៖«ក្រោមការដឹកនាំស្រាវជ្រាវរបស់បក្សប្រឆាំង ការវិភាគទិន្នន័យ និងយុទ្ធសាស្ត្រនយោបាយផ្សេងទៀត បានបង្ហាញថា ចុងចោទបានស្វែងរកដោយចេតនា ដើម្បីបំបាក់ទំនុកចិត្តរបស់សាធារណជន។ ពួកគេបានធ្វើការរួមគ្នាជាមួយនឹងគោលបំណងតែមួយ បម្រើខ្លួនឯង៖ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ Donald J. Trump»។ វាបានអះអាងថា គណបក្សប្រជាធិបតេយ្យ និងមន្ត្រីរដ្ឋាភិបាលមួយចំនួន បានប្រព្រឹត្តបទល្មើសជាចង្កោម ចាប់តាំងពីការឃុបឃិតគ្នាយ៉ាងសកម្ម រហូតដល់ការប្ដឹងផ្ដល់ដែលមានគំនិតអាក្រក់ ការក្លែងបន្លំតាមបណ្ដាញកុំព្យូទ័រ និងការលួចទិន្នន័យអ៉ីនធឺណិតសម្ងាត់។ ជាមួយគ្នានេះដែរ ពាក្យបណ្តឹងនោះបានទាមទារសំណង និងថ្លៃខូចខាត ២៤ លានដុល្លារ ហើយពាក្យបណ្ដឹងទាំងនោះក៏មានផ្ទុកនូវភាពមិនច្បាស់លាស់មួយចំនួន និងការអះអាងមិនពិត ឬបំផ្លើសមួយចំនួន ដែលលោក ត្រាំ តែងតែធ្វើរាប់សិបដងមកហើយ៕ ដោយ៖ ខ្មែរណូត


