ព័ត៌មានអន្តរជាតិ March 26, 2022

សហរដ្ឋអាមេរិកជំរុញឱ្យចិននិងរុស្ស៊ី ដាក់សម្ពាធលើកូរ៉េខាងជើង ក្រោយការធ្វើតេស្តមីស៉ីលផ្លោង ICBM

Khmerpress

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ចាលីណា ផតធឺ (Jalina Porter) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសចិននិងរុស្ស៊ីគួរតែណែនាំកូរ៉េខាងជើងឱ្យចៀសវាង «ការបង្កហេតុ» បន្ថែមទៀត បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបន្តការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឡើងវិញ ក្នុងសប្តាហ៍នេះ។ នេះបើការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

កំលុងសន្និសីទព័ត៌មានមួយ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបាញ់តេស្តមីស៉ីលរបស់កូរ៉េខាងជើង លោកស្រី Porter បានលើកឡើងថា «ការតេស្តមីស៊ីលផ្លោងនាពេលថ្មីៗនេះ គឺជាការបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ យើងទទូចឲ្យប្រទេសទាំងអស់ធ្វើសកម្មភាព ដើម្បីឲ្យកូរ៉េខាងជើងទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ និងអំពាវនាវឲ្យកូរ៉េខាងជើងវិលមកកាន់តុចរចាវិញ»។

លោកស្រី Porter បានបញ្ជាក់ថា លោកស្រីមិនអាចធ្វើការអត្ថាធិប្បាយអំពី គោលជំហររបស់ចិននិងរុស្ស៊ីឡើយ ប៉ុន្តែលោកស្រីបន្ថែមដូច្នេះថា «យើងស្ថិតក្នុងដំណាក់កាលដំបូង នៃការពិគ្រោះយោបល់លើបញ្ហានេះ។ យ៉ាងណាក្តី វាជាស្ថានការណ៍វិវឌ្ឍ ដែលគួរតែជាក្តីកង្វល់សម្រាប់គ្រប់ប្រទេសទាំងអស់ ជាពិសេសប្រទេសដែលមានព្រំដែន ជាប់ជាមួយកូរ៉េខាងជើង»។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងជើងបានទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដោយមេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយថា វាជាការបង្ហាញពីអានុភាពនៃកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសលោក និងដើម្បីរារាំងរាល់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក។ វាគឺជាការសាកល្បងមីស៊ីល ICBM ពេញលេញលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក របស់កូរ៉េខាងជើង។ សម្រាប់ការធ្វើតេស្ត ICBM របស់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៧ គឺវាបាននាំឱ្យក្រុមប្រឹក្សាសន្តិសុខ UN ដាក់ទណ្ឌកម្ម ប៉ុន្តែលើកនេះ វាកើតឡើងចំពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងមិនត្រូវរ៉ូវគ្នាជាមួយរុស្ស៊ីនិងចិន ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលជាហេតុធ្វើឱ្យការឆ្លើយតប អាចជួបការលំបាកជាងមុន៕ ផ្តល់សិទ្ធិដោយ៖ freshnews