ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល៖ “អត្រាពន្ធនាំចូលរថយន្តធម្មតាជាមធ្យមប្រហែល ១២២% ខណៈរថយន្តអគ្គិសនីពន្ធ ៦៣% បានកាត់បន្ថយ ៥០%”

BY
Khmerpress
March 28, 2022
ឯកឧត្តម ស៊ុន ចាន់ថុល៖ “អត្រាពន្ធនាំចូលរថយន្តធម្មតាជាមធ្យមប្រហែល ១២២% ខណៈរថយន្តអគ្គិសនីពន្ធ ៦៣% បានកាត់បន្ថយ ៥០%”

យោងតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា អត្រាពន្ធនាំចូលរថយន្តធម្មតាជាមធ្យមប្រហែល ១២២% ខណៈរថយន្តអគ្គិសនី ពន្ធ ៦៣% កាត់បន្ថយ ៥០%។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងដូច្នេះ នៅក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុតាមរយៈពន្ធដារនិងគយ បានកាត់បន្ថយ អត្រាពន្ធនាំចូលរថយន្តប្រើដោយអគ្គិសនី ៥០% ដូច្នេះពន្ធនាំចូលគឺត្រឹមតែ ៦៣% ប៉ុណ្ណោះ ខណៈជាមធ្យមរថយន្តធម្មតាពន្ធប្រហែលជា ១២២%។ ឯកឧត្តមបានបន្តថា ឯកឧត្តមផ្ទាល់ក៏មិនដែលបានដឹងដែរ អំពីអត្រាពន្ធនេះ រហូតដល់ពេលឯកឧត្តមបានចូលរួមកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្រ្ត EV ទើបឯកឧត្តមធ្វើការស្រាវជ្រាវឃើញថា មានការកាត់បន្ថយពន្ធ។

សូមបញ្ជាក់ថា យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនតែ០២ គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ និងចំនួន៦២គ្រឿង នៅឆ្នាំ២០២១ ហើយនៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះគឺពីខែមករាដល់ខែមីនា ឆ្នាំ២០២២នេះ ការចុះបញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧ គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួនតែ០៧គ្រឿងប៉ុណ្ណោះ(កំណើនស្មើនឹង ៦៧១ ភាគរយ)ដែលនេះគឺជាកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី គួរឱ្យកត់សម្គាល់៕ ដោយ៖ ខ្មែរណូត

Share This Post: