ព័ត៌មានអន្តរជាតិ March 30, 2022

ថៃបញ្ជាក់ជាថ្មីថា ពលរដ្ឋអាចលេងបាញ់ទឹកបាននៅពិធីបុណ្យសង្រ្កាន្តតែត្រូវគោរពលក្ខខណ្ឌមួយនេះ

Khmerpress

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃពុធ ទី៣០ ខែមីនានេះបានឲ្យដឹងថា អាជ្ញាធរថៃបានជូនដំណឹងជាថ្មីម្តងទៀតជុំវិញការលេងបាញ់ទឹកនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃដែលនឹងចូលមកដល់នៅក្នុងពាក់កណ្តាលខែមេសាខាងមុខនេះ ដោយវិធានការថ្មីនេះហាក់មានលក្ខណៈធូស្រាលជាងមុនបន្តិច។ នៅក្នុងវិធានការថ្មីរបស់អាជ្ញាធរថៃបានបញ្ជាក់យ៉ាងច្បាស់ដដែលថា ហាមមិនឲ្យមានការលេងបាញ់ទឹកឬជះទឹកដាក់គ្នា ហាមមិនឲ្យលេងលាបម្សៅដាក់គ្នា និងហាមមិនឲ្យមានការប្រមូលផ្តុំជាសាធារណៈដូចអ្វីដែលពលរដ្ឋបានធ្វើក្នុងពេលកន្លងមកនោះទេ។

យ៉ាងណាក្តី អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យពលរដ្ឋអាចលេងបាញ់ទឹកដាក់គ្នាបានក្នុងទម្រង់ថ្មីមួយទៀត ពោលគឺឈរបាញ់ទឹកឬជះទឹកដាក់ក្នុងបរិវេណផ្ទៃដី ៤ម៉ែត្រការ៉េពីគ្នា ហើយអ្នកដែលចូលរួមក្នុងសកម្មភាពនេះត្រូវតែពាក់ម៉ាស់ឲ្យបានគ្រប់គ្នាផងដែរ។​ គួរបញ្ជាក់ជូនថា វិធានការរបស់អាជ្ញាធរថៃខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដ្បិតក្រុមអ្នកជំនាញបានព្យាករណ៍ថា ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីថៃរួចគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នឹងកើនឡើងខ្ពស់ ពោលគឺអាចឡើងរហូតដល់ខ្ទង់ ១០០,០០០នាក់នៅក្នុងមួយថ្ងៃ៕ ដោយ៖ ខ្មែរណូត