ព័ត៌មានអន្តរជាតិ April 2, 2022

អ្នកវិទ្យាសាស្រ្តព្រមានពីការរកឃើញមេរោគកូវីដ-១៩ ថ្មីប្រភេទ XE ដែលជាការបញ្ចូលគ្នារវាងមេរោគអូមីក្រុងប្រភេទ BA.1 និង BA.2

Khmerpress

អង្គការសុខភាពពិភពលោកបានព្រមានពីការរកឃើញមេរោគនៃជំងឺកូវីដ-១៩ ថ្មីមួយប្រភេទទៀត ដែលជាមេរោគកូនកាត់នៃវ៉ារ្យ៉ង់អូមីក្រុងមានឈ្មោះថា XE នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Live Mint។ ទន្ទឹមនឹងការរកឃើញមេរោគថ្មីនេះ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីជាច្រើនប្រភេទផ្សេងទៀតផងដែរ មានដូចជាប្រភេទ  XD, XE និង XF ដែលសុទ្ធតែជាប្រភេទមេរោគកូនកាត់​ ឬមេរោគបញ្ចូលគ្នារវាងមេរោគកូវីដ-១៩ ជំនាន់មុន។

ប្រភពខាងលើបានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ ប្រភេទ XE គឺមេរោគបញ្ចូលគ្នារវាងមេរោគអូមីក្រុងប្រភេទ BA.1 និង  BA.2 ត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃ ទី១៩ ខែមករាកន្លងទៅ ខណៈមេរោគនេះអាចបង្កគ្រោះថ្នាក់ខ្លាំងជាងមេរោគកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុងប្រភេទ BA.2 ១០%។ នៅចំពោះមុខការរកឃើញមេរោគនៃជំងឺកូវីដ-១៩ ថ្មីទាំងអស់នេះ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា មេរោគកូវីដ-១៩ ប្រភេទ XE អាចនឹងបង្កគ្រោះថ្នាក់សម្រាប់ពិភពលោកជាថ្មីម្តងទៀត ប្រសិនបើគេមិនព្យាយាមទប់ស្កាត់វានោះទេ៕ ដោយ៖ ខ្មែរណូត