ព័ត៌មានអន្តរជាតិ April 2, 2022

អាជ្ញាធរចិនសម្រេចធ្វើតេស្តកូវីដ-១៩ ចំពោះសត្វត្រីដែលកំពុងដាក់លក់លើទីផ្សារ

Khmerpress

ចិន៖ អាជ្ញាធរចិនបានដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងខ្លាំងទៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិចិន។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះសៀងហៃដែលជាកន្លែងមានពលរដ្ឋរស់នៅជាង ២៦លាននាក់នោះ កំពុងស្ថិតក្នុងដំណាក់កាលបិទខ្ទប់ ខណៈក្នុងរយៈពេលនៃការបិទខ្ទប់នេះអាជ្ញាធរសុខាភិបាលចិននឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយចំពោះគ្រប់ប្រជាពលរដ្ឋក្នុងក្រុងទាំងអស់តែម្តង។

ចំណាត់ការមួយរបស់អាជ្ញាធរចិនដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺគេបានប្រទះឃើញក្រុមបុគ្គលិកសុខាភិបាលចិនធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះត្រី ដែលគេកំពុងដាក់លក់នៅក្នុងទីផ្សារ។ យ៉ាងណាក្តី លទ្ធផលធ្វើតេស្តចំពោះត្រីគឺអវិជ្ជមាន ហើយក្រុមបុគ្គលិកសុខាភិបាលចិនហាក់មិនបានបង្ហាញពីសញ្ញាគ្រោះថ្នាក់ចំពោះការរាតត្បាតជំងឺកូវីដ-១៩ តាមរយៈសត្វត្រីឡើយ។ លោកអ្នកអាចទស្សនាសកម្មភាពធ្វើតេស្តសត្វត្រីនេះតាមរយៈវីដេអូខាងក្រោម៖

ដោយ៖ ខ្មែរណូត