ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសមិនអោយចូលឆៀក និងបំពាក់ផ្លាកលេខ ចំពោះឡានកែច្នៃឡើងស៊េរី

BY
Khmerpress
April 7, 2022
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសមិនអោយចូលឆៀក និងបំពាក់ផ្លាកលេខ ចំពោះឡានកែច្នៃឡើងស៊េរី

យោងតាមការលិខិតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មានរថយន្តគ្រួសារមួយចំនួនបានកែច្នៃដំឡើងម៉ូដែលរថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលបានបណ្តាលឲ្យប៉ះពាល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឲ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត។

ហេតុដូចនេះ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួង សូមជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ មេត្តាជ្រាបថា៖

១. រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាតពីក្រសួង គឺមិនអនុញ្ញាតឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

២. យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងនឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះតែម្តង៕

Share This Post: