ព័ត៌មានអន្តរជាតិ April 12, 2022

សម័យកូវីដ! សូមប្រយ័ត្នប្រយែង អ្នកឧស្សាហ៍បាញ់អាល់កុលលើខោអាវ និងដៃ ជៀសវាងកុំឲ្យជួបបញ្ហាដូចករណីមួយនេះ

Khmerpress

ថៃ៖ នារីម្នាក់ត្រូវបានភ្លើងឆាបឆេះពេញរាងកាយ ក្រោយបាញ់អាល់កុលដើម្បីសម្លាប់មេរោគលើខ្លួន ហើយក្រោយមកទៅអុជធូបមូសដាក់នៅក្នុងផ្ទះ នេះយោងតាមសារព័ត៌មាន thairath។ ប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Wiphaporn Yisunsi អាយុ ២៨ឆ្នាំ រស់នៅសង្កាត់ Sai Mai ក្រុងបាងកក ប្រទេសថៃ ក្រោយពីចេញពីធ្វើការក៏បានត្រលប់មកដល់ផ្ទះវិញ រួចធ្វើការបាញ់អាល់កុលពេញរាងកាយសម្លាប់មេរោគ ដើម្បីការពារជំងឺកូវីដ១៩ ដោយសារតែនៅផ្ទះរបស់គាត់មានមនុស្សចាស់រស់នៅជាមួយ។

បន្ទាប់មកក្រោយពីបាញ់រួចនាងក៏ដើរទៅអុជធូបមូស ដើម្បីដេញមូសនៅក្នុងផ្ទះ ប៉ុន្តែចៃដន្យក៏ត្រូវភ្លើងឆាបឆេះពេញរាងកាយយ៉ាងរហ័ស ហើយនាងបានរត់មករកសង្សារឱ្យជួយ ដោយបុរសជាសង្សារក៏រត់ទៅទាញសម្លៀកបំពាក់ដែលកំពុងឆេះនោះចេញ រួចរត់ទៅដួសទឹកមកជះរហូតទាល់តែរលត់ ហើយក៏ប្រញាប់នាំសង្សារទៅព្យាបាលនៅឯមន្ទីរពេទ្យ Thammasat។

ចំពោះករណីឆាបឆេះនេះដែរក្រុមអ្នកជំនាញបានអោយដឹងថា៖ ” «អាចបណ្តាលមកពីជាតិអាល់កុលដែលនៅដក់ជាប់សម្លៀកបំពាក់ទើបបណ្តាលអោយភ្លើងឆាបឆេះបានយ៉ាងងាយស្រួលនិងរហ័ស”»។ ចំណែកនារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយរងរបួសរលាកប្រហែល ៦០% រីឯដៃខាងស្តាំរបស់បុរសដែលជាសង្សារត្រូវបានរលាកភ្លើងបង្កអោយមានពងបែកស្ទើរតែទាំងស្រុងផងដែរ។

ហេតុការណ៍នេះបានកើតឡើងតាមពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ ប៉ុន្តែខ្មែរណូតចង់លើកយកមកផ្សាយ ដើម្បីជាការដាស់តឿនរំលឹកដល់អ្នកទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្ន ពេលបាញ់អាល់កុលសម្លាប់មេរោគនៅលើរាងកាយ និងដៃ ដើម្បីជៀសវាងកុំឲ្យជួបហេតុការណ៍បែបនេះ៕ ដោយ៖ ខ្មែរណូត