ព័ត៌មានអន្តរជាតិ April 15, 2022

រុស្ស៊ី​ព្រមាន​នឹង​ពង្រាយអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល​ Hypersonic ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយណាតូ

Khmerpress

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ បានព្រមានទៅណាតូថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នោះរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេង Hypersonic នៅក្នុងឧបទ្វីបអឺរ៉ុប។ ការលើកឡើងនេះ គឺដោយសារប្រទេសហ្វាំងឡង់ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ហើយប្រទេសស៊ុយអែត កំពុងពិចារណាចូលរួមជាមួយសម្ព័ន្ធភាពណាតូ។ នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ Sanna Marin បាននិយាយកាលពីថ្ងៃពុធថា  ប្រទេសហ្វាំងឡង់នឹងសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយអង្គការណាតូ នោះរុស្ស៊ីនឹងត្រូវពង្រឹងកម្លាំងទ័ពជើងគោក ជើងទឹក និងដែនអាកាសរបស់ខ្លួននៅសមុទ្របាល់ទិក។ លោក Medvedev ក៏បានលើកឡើងយ៉ាងច្បាស់ពីការគម្រាមកំហែងនុយក្លេអែរ ដោយនិយាយថា មិនអាចមានការពិភាក្សាអំពីតំបន់បាល់ទិក «គ្មាននុយក្លេអ៊ែរ» ទៀតបានទេ។ នេះមានន័យថា រុស្ស៊ីអាចនឹងប្រើប្រាស់តំបន់បាល់ទិក ដែលមានដូចជាប្រទេស៖ អេស្តូនី ឡាតវៀ និងលីទុយអានី មកធ្វើជាទីតាំងដាក់ពង្រាយ នុយក្លេអ៊ែររបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត