ព័ត៌មានអន្តរជាតិ April 16, 2022

រុស្ស៉ី ផ្ញើកំណត់ទូតតវ៉ាជាផ្លូវការ ដោយព្រមានពីផលវិបាកមិនអាចស្មានបាន បើអាមេរិកនៅតែបញ្ជូនអាវុធឱ្យអ៊ុយក្រែន

Khmerpress

(វ៉ាស៊ីនតោន)៖ រុស្ស៉ី នៅក្នុងសប្ដាហ៍នេះបានផ្ញើ «កំណត់ទូតមួយ» ជាផ្លូវការ មកកាន់ក្រសួងការបរទេសអាមេរិក ដើម្បីសម្ដែងការប្រឆាំង ជំទាស់ទៅនឹងការបញ្ជូនអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យអ៊ុយក្រែន ដោយព្រមានថាការបន្តធ្វើបែបនេះនឹងទទួលមកវិញនូវផលវិបាក ធ្ងន់ធ្ងរមិនអាចស្មានបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។

កំណត់ទូតខាងលើរបស់រុស្ស៉ី ត្រូវបានផ្ញើកាលពីដើមសប្ដាហ៍កន្លងទៅនេះ ខណៈសហរដ្ឋអាមេរិកកំពុងត្រៀមប្រកាសផ្ដល់ជំនួយយោធា ៨០០លានដុល្លារបន្ថែមឱ្យអ៊ុយក្រែន ហើយព័ត៌មាននេះត្រូវបានរាយការណ៍មុនគេដោយកាសែតអាមេរិក Washington Post។

បើតាម Washington Post, តាមរយៈកញ្ចប់ជំនួយយោធាខាងលើ, សហរដ្ឋអាមេរិកបានយល់ព្រមជាលើកដំបូងក្នុងការបញ្ជូនអាវុធមាន សមត្ថភាពខ្ពស់ឱ្យអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៉ីបានបង្ហាញការប្រឆាំងជំទាស់យ៉ាងខ្លាំង និងបានព្រមានថាសហរដ្ឋអាមេរិក និង NATO អាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរមិនអាចស្មានបាន បើនៅតែបន្តធ្វើបែបនេះតទៅទៀត។

តែទោះជាបែបនេះក្ដី រុស្ស៉ីមិនបានបញ្ជាក់ថាខ្លួននឹងចាត់វិធានការឆ្លើយតបបែបណានោះទេ ប៉ុន្តែក្រុមមន្ត្រីអាមេរិកជឿជាក់ថាមូស្គូ អាចនឹង ប្រកាន់ជំហរដ៏គ្រោះថ្នាក់ចំពោះអាមេរិក និង NATO៕ ផ្តល់សិទ្ធិដោយ៖ freshnews