សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបុរសម្នាក់ដោយសារគេចវេះពីការធ្វើចត្តាឡីស័ក
(សៀមរាប)៖ នាថ្ងៃទី៧ ខែឧសភា សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលរកឃើញថា បានគេចវេសការធ្វើចត្តាឡីស័ក និងបានចម្លងទៅអ្នកដទៃក្នុងសហគមន៍របស់ខ្លួន។
យោងតាមរបាយការណ៍ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន សមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់លើឈ្មោះ អ៉ឹង ថៃលី ជាអាជីវករផ្សារក្រោម ក្រោយពេលដែលសមត្ថកិច្ចរកឃើញថា ជនសង្ស័យរូបនេះបានគេចវេះពីការធ្វើចត្តាឡីស័ក បណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ បន្តចូលក្នុងសហគមន៍ចំនួន៧នាក់ ដែលសុទ្ធសឹងជាអាជីវករនៅផ្សារក្រោម។
តាមរបាយការណ៍ដដែល បុរសខាងលើមានប្រវត្តិចេញចូលហាងកាហ្វេលឹង្គ១០០០ ដែលបានផ្ទុះជំងឺកូវីដ១៩ កាលពីចុងខែមីនា ហើយបុរសរូបនេះធ្លាប់ចេញចូលហាងកាហ្វេនេះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមីនា។
ទោះបីមានបានឃើញសេចក្ដីប្រកាសព័ត៌មានពីរដ្ឋបាលខេត្ត ក៏ដូចជាទទួលបានព័ត៌មានពីមិត្តភក្ដិយ៉ាងណាក្ដី ក៏ឈ្មោះ អ៉ឹង ថៃលី មិនបានទៅយកសំណាក និងធ្វើចត្ដាឡីស័កទេ ផ្ទុយទៅវិញគេនៅបន្តលក់ដូរនៅផ្សារក្រោម និងកន្លែងផ្សេងទៀតជាធម្មតា។
រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២១ ទើបសមត្ថកិច្ចស្វែងរកឃើញ និងបញ្ជូនមកយកសំណាក ធ្វើតេស្តនិងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យ ក្រោយពេលក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានដែលពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេលឹង្គ១០០០ចំនួន ២នាក់បន្ថែមរួមមាន ឈ្មោះ ពុធ សំអាត និងឈ្មោះ ទាវ សូវៀត។
លុះដល់ថ្ងៃទី១១ ខែមេសា ក្រុមគ្រូពេទ្យបានយកវត្ថុសំណាក ទៅពិនិត្យទទួលបានលទ្ធផលបញ្ជាក់ថាបុគ្គលនេះមានវិជ្ជមានកូវី១៩។
បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី២២ ខែមេសា ឈ្មោះ អ៉ឹង ថៃលី អាយុ ២២ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវមកយកសំណាក ធ្វើតេស្តម្តងទៀតនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែម្តង។
នៅព្រឹកថ្ងៃទី៧ ខែឧសភា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើ ដែលមានទីលំនៅនៅភូមិកក្រាញ់ សង្កាត់សៀមរាបក្រុង ចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយពេលដែលសមត្ថកិច្ចរកឃើញថា ជនសង្ស័យរូបនេះបានគេចវេះពីការធ្វើចត្តាឡីស័ក បណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ បន្តចូលក្នុងសហគមន៍ចំនួន៧នាក់។ ក្រោយការសាកសួរជនសង្ស័យត្រូវបាន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ដោយចោទប្រកាន់ពីបទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក៕ ផ្តល់សិទ្ធិដោយ៖ freshnews