ហេតុតែស្រឡាញ់ សុខចិត្តលះបង់ក្រលៀនម្ខាងជូនសង្សារ លុះបាន៧ខែសង្សារក្បត់ទៅមានថ្មីបាត់
New York post ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នារីម្នាក់បានចេញមករៀបរាប់អំពីរឿងរាវស្នេហាដ៏សែនឈឺចាប់ទាំងទឹកភ្នែកថា នាងបានបរិច្ចាគក្រលៀន ដើម្បីរក្សាជីវិតដល់មិត្តប្រុសរបស់នាង ប៉ុន្តែចុងក្រោយបែរជាត្រូវក្បត់ចិត្ត ព្រមទាំងសុំបែកតាមទូរស័ព្ទទៀតផង។
ការបរិច្ចាគក្រលៀនអោយនរណាម្នាក់មិនមែនជារឿងងាយៗឡើយ ប៉ុន្តែចំពោះ កញ្ញា «ខលលីន» មានឱកាសការពារជីវិតអោយមិត្តប្រុសរបស់នាងកាលពី ៦ឆ្នាំមុន។ នៅពេលនោះនាងស្ទើរតែមិនបានគិតឡើយថា ខ្លួននាងព្រមនឹងប្រថុយជីវិតដើម្បីរក្សាទុកមិត្តប្រុសដែលមានជម្ងឺក្រលៀនរ៉ាំរ៉ៃ តាំងពីអាយុ១៧ឆ្នាំ ពោលគឺមិត្តប្រុសរបស់នាងត្រូវលាងឈាមជាប្រចាំ ដោយចំនួនភាគរយនៃក្រលៀនរបស់មិត្តប្រុសនាងសល់ត្រឹមតែ ៥%តែប៉ុណ្ណោះ។

ដោយសារមិនចង់ឱ្យមិត្តប្រុសបាត់បង់ជីវិត ពេលនោះដែរ ខលលីន បានទៅពិនិត្យមើលក្រលៀនរបស់នាងថាត្រូវគ្នាជាមួយមិត្តប្រុសនាងរឺក៏អត់ ហើយជាសំណាងល្អដល់អ្នកទាំងពីរក្រោយពេលដែលការវះកាត់ទទួលបានជោគជ័យ អ្នកទាំងពីរបានជាសះស្បើយពីការវះកាត់យ៉ាងរហ័ស។
ស្ទើរតែមិនជឿថា ត្រឹមរយៈពេល ៧ខែក្រោយមក មិត្តប្រុសនាងគួរតែទទួលដឹងពីទំហំនៃសេចក្តីស្រឡាញ់របស់ ខលលីន តែបែរជាក្បត់ខលលីនទៅវិញ ព្រមទាំងឆ្លើយតបទៅកាន់ខលលីនទៅវិញថា «អ្នកគ្រាន់តែបរិច្ចាគក្រលៀនរបស់អ្នកដើម្បីអោយខ្លួនអ្នកមើលទៅជាមនុស្សល្អតែប៉ុណ្ណោះ»។
យ៉ាងណាមិញ ក្រោយពីឃ្លីបវីដេអូដែលនាងបានរៀបរាប់បានផុសចូលទៅសង្គមនានា ក៏មានអ្នកចូលមកខមមិនលើកទឹកចិត្តនិងសរសើរដល់នាងជាច្រើនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

