ព័ត៌មានអន្តរជាតិ April 19, 2022

ក្រុងសៀងហៃបន្តរកឃើញករណីមរណភាពដោយកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត

Khmerpress

ចិន៖ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកបាត់បង់ជីវិតដោយជំងឺកូវីដ-១៩ ចំ​នួន ៧នាក់បន្ថែមទៀតសម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមេសានេះ ខណៈតួលេខនេះគឺមានការកើនឡើង បើប្រៀបធៀបជាមួយរបាយការណ៍កាលពីថ្ងៃកន្លងទៅ។ គួររម្លឹកជូនថា កាលពីថ្ងៃច​ន្ទដើមសប្តាហ៍នេះគឺជាថ្ងៃដំបូងដែលអាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានផ្តើមរកឃើញអ្នកបាត់បង់ជីវិតដោយកូវីដ-១៩ ដោយពេលនោះតួលេខអ្នកបាត់បង់ជីវិតមានចំនួនត្រឹម ៣នាក់ប៉ុណ្ណោះ ដូចនេះបើសរុបត្រឹមពេលនេះគឺក្រុងសៀងហៃមានតួលេខអ្នកបាត់បង់ជីវិតចំនួន ១០នាក់។

ដោយឡែកសម្រាប់ករណីឆ្លងថ្មីឯណោះវិញក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយគិតជាមធ្យមក្រុងសៀងហៃមានតួលេខអ្នកឆ្លងជាង ១ពាន់នាក់ក្នុងមួយថ្ងៃបើគិតត្រឹមរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងផងដែរថា រលកនៃជំងឺកូវីដ-១៩ ហាក់កំពុងរាតត្បាតខ្លាំងឡើងៗនៅក្នុងប្រទេសចិន ហើយសូម្បីតែតួលេខអ្នកឆ្លងថ្មីនៅក្នុងទីក្រុងប៉េកាំង ដែលជាក្រុងកំពុងអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩ ​ឲ្យស្ថិតនៅកម្រិតសូន្យ (Zero-Covid Policy) នោះក៏មានការកើនឡើងផងដែរ តែមិនទាន់ដល់កម្រិតធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួនជាង ១,៨ សែននាក់ និងបាត់បង់ជីវិតជាង ៤,៦ពាន់នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត