ព័ត៌មានអន្តរជាតិ April 20, 2022

UN៖ មនុស្ស ២០លាននាក់ នៅអាហ្រ្វិកខាងកើត អាចប្រឈមមុខនឹងគ្រោះទុរ្ភិក្ស នាចុងឆ្នាំនេះ

Khmerpress

(ព្រុចសែល)៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថាគ្រោះរាំងស្ងួត បូករួមទាំងជម្លោះ នៅអ៊ុយក្រែន អាចនឹងធ្វើឲ្យប្រជាជនចន្លោះពី១៤លាន ដល់២០លាននាក់ ដែលរស់នៅអាហ្រ្វិកខាងកើតហៅថា Horn of Africa ធ្លាក់ចូលទៅក្នុងគ្រោះទុរ្ភិក្ស នាចុងឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន CGTN នៅថ្ងៃពុធ ២០ ខែមេសា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យប្រមុខ UN លោក ស្ទេហ្វិន ឌូហ្សារីក (Stephane Dujarric) , ប្រទេសក្នុងតំបន់អាហ្វ្រិកខាងកើតនឹងប្រឈមមុខ នឹងគ្រោះទុរ្ភិក្សកាន់តែខ្លាំង ប្រសិនបើនៅតែមិនមានភ្លៀងធ្លាក់, តម្លៃស្បៀងអាហារ និងឥន្ធនៈចេះតែបន្តកើនឡើងដោយសារតែ ជម្លោះអូសបន្លាយ ហើយការផ្តល់ជំនួយមនុស្សធម៌ នៅមានកម្រិតទាបទៀតនោះ។

លោក Dujarric បានលើកឡើងយ៉ាងដូច្នេះថា «កម្មវិធីស្បៀងអាហារពិភពលោក (WFP) ព្រមានថា ពេលវេលា គឺកាន់តែខើច សម្រាប់ក្រុមគ្រួសារដែលតស៊ូ ដើម្បីរស់»។

គួរបញ្ជាក់ថា ការអំពានាវចុងក្រោយបង្អស់ របស់ WFP គឺស្នើឲ្យមានការប្រមូលជំនួយ ឬមូលនិធិឲ្យបានយ៉ាងតិច៤ភាគរយ នៃតម្រូវការចាំបាច់នៃតំបន់អាហ្វ្រិកខាងកើត៕ ផ្តល់សិទ្ធិដោយ៖ freshnews