អាមេរិកអនុញ្ញាតឲ្យមន្ត្រីទូត និងក្រុមគ្រួសារចាកចេញពីប្រទេសនេប៉ាល់ ព្រោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងអនុញ្ញាតឲ្យមន្ត្រីទូត ដែលគ្មានភារៈកិច្ចចាំបាច់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេផងដែរ ចាកចេញពីស្ថានទូតអាមេរិក នៅក្នុងរដ្ឋធានីកាត្មាន់ឌូ ប្រទេសនេប៉ាល់ ជាទីដែលជំងឺរាតត្បាតសកល COVID-19 កំពុងតែវាយលុកយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។
បន្ថែមពីខាងលើនេះ ក្រសួងការបរទេសអាមេរិក ក៏បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួន ឲ្យពិចារណាឡើងវិញចំពោះគម្រោង ធ្វើដំណើរទៅកាន់ប្រទេសនេប៉ាល់ ហើយសម្រាប់អ្នកដែលស្ថិតនៅទីនោះស្រាប់ ប្រសិនបើមានបំណងត្រលប់មកប្រទេសកំណើតវិញ គឺអាចដាក់ពាក្យស្នើសុំទៅកាន់ ស្ថានទូតអាមេរិកនៅទីនោះបាន បន្ទាប់មកអាជ្ញាធរអាមេរិកនឹងរៀបចំ ជើងហោះហើរពិសេសដើម្បីទៅទទួលពួកគេ។
គួរបញ្ជាក់ថា ប្រទេសនេប៉ាល់ដែលមានព្រំដែនជាប់ឥណ្ឌា ក៏ហាក់កំពុងទទួលរងឥទ្ធិពល នៃការឆ្លងរាតត្បាត COVID-19 ដ៏អាក្រក់នៅទីនោះផងដែរ។ ប្រទេសនេប៉ាល់ដែលមានប្រជាជនសរុបជាង ២៩លាននាក់ ពេលនេះមានករណីឆ្លង COVID-19 សរុប ៣៧៧,៦០៣ករណី (អត្រាឆ្លងកើនដល់ជិត ១០,០០០នាក់ក្នុងមួយថ្ងៃ) ក្នុងនោះមានអ្នកស្លាប់សរុប ៣,៥៧៩នាក់ និងជាសះស្បើយវិញជិត ៣សែននាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews