សង្គម April 23, 2022

អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ ឧបត្ថម្ភលើការវះកាត់-ថែទាំងភ្នែកលោកគ្រូតាគុនល្បុក្កតោវ័យ៧៧ឆ្នាំ

Khmerpress

បើតាមការបង្ហោះអោយដឹងនៅក្នុងទំព័រ Facebook សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអោយដឹងថា លោកគ្រូតា សាន គីមស៊ាន ប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាទទួលបានការឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាម៉េរិកពីក្រុមហ៊ុនសម្រស់ធម្មជាតិ សម្រាប់ការវះកាត់ និងការថែទាំភ្នែក តាមរយៈឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។

អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ួ តារា បានលើកឡើងថា ពេលនេះក្រុមការងារសហព័ន្ធបាននាំយកថវិកា ៣០០០ដុល្លារនេះប្រគល់ជូនដោយផ្ទាល់ជូនលោកគ្រូតា សាន គឹមស៊ាន រួចហើយ។ នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់ដៃគូឧបត្ថម្ភក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានជួយថ្លៃព្យាបាលការវះកាត់ភ្នែករបស់លោកគ្រូ តាវ័យ៧៧ឆ្នាំ ដោយនេះជាការជួយរំលែកការលំបាក និងការគោរពស្រឡាញ់ចំពោះលោកគ្រូតា ដែលតែងតែបានខិតខំប្រឹងប្រែង ដើម្បីកិច្ចការអភិវឌ្ឍន៍វិស័យក្បាច់គុនព្រលឹងជាតិខ្មែរមួយនេះកាន់តែរីកចម្រើនជាបន្តបន្ទាប់។

លោក អ៊ួ តារា គូសបញ្ជាក់ថា «លោកព្រឹទ្ធាចារ្យ គឺជាបង្គោលដ៏រឹងមាំ ក្នុងការពង្រឹងគុណភាពបន្ថែមលើការអភិវឌ្ឍ និងអភិរក្សវិស័យកីឡាគុនល្បុក្កតោកម្ពុជាឲ្យកាន់តែប្រសើរ ជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅព្រះរាជាណាចក្រកម្ពុជា និងពង្រឹងការអភិវឌ្ឍតទៅថ្ងៃអនាគតផងដែរ»។

អ្នកជំនាញកីឡាគុនល្បុក្កតោរូបនេះបន្ថែមបានរំឭកថា ក្រុមហ៊ុនសម្រស់ធម្មជាតិគឺជាដៃគូដ៏សំខាន់ ក្នុងការឧបត្ថម្ភគាំទ្របន្ថែមដល់ដំណើរការប្រកួត និងសកម្មភាពអភិវឌ្ឍគុនល្បុក្កតោនានាជាបន្តបន្ទាប់ ជាពិសេសការប្រកួតកីឡាគុនល្បុក្កតោជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំនីមួយៗ ដែលប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកអគ្គលេខាធិការរង អ៊ួ តារា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «បន្ថែមពីលើនេះថ្នាក់ដឹកនាំសហព័ន្ធក៏តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះលោកគ្រូតា ក៏ដូចជាព្រឹទ្ធាចារ្យគុនល្បុក្កតោនានា ដែលនេះបានឆ្លុះបញ្ចាំងពីភាពសុខដុមរម្យនា ក្នុងវិស័យកីឡាគុនល្បុក្កតោទាំងមូល ជាពិសេសការជួយជ្រោមជ្រែងដល់ការព្យាបាលរបស់លោកគ្រូតា នាពេលនេះ គឺជាការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចការបន្តរបស់លោកគ្រូតា សាន គឹមស៊ាន ក្នុងការស្រាវជ្រាវ-ចងក្រងឯកសារគុនល្បុក្កតោទុកសម្រាប់គោលដៅអភិវឌ្ឍ និងអភិរក្សនាពេលបច្ចុប្បន្ន ព្រមទាំងសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ»៕