ព័ត៌មានអន្តរជាតិ April 25, 2022

អាមេរិកត្រៀមថវិកា «៧១៣លានដុល្លារ» សម្រាប់ផ្តល់ជាជំនួយយោធាដល់អ៊ុយក្រែន និងប្រទេសអឺរ៉ុប១៥ទៀត

Khmerpress

(វ៉ាស៉ីនតោន)៖ របាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានប្រកាសក្នុងកំលុងពេលដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងកៀវ (Kyiv) ប្រទេសអ៊ុយក្រែនថា ទីក្រុងវ៉ាស៊ីនតោន នឹងត្រៀមជំនួយយោធាដែលមានទឹកប្រាក់សរុបចំនួន ៧១៣លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសចំនួន ១៥ផ្សេងទៀតនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

របាយការណ៍ខាងលើ បានបញ្ជាក់ថា ក្នុងចំណោមជំនួយយោធាដែលមានទឹកប្រាក់ចំនួន ៧១៣លានដុល្លាអាមេរិក… ច្រើនជាង ៣២២លានដុល្លារអាមេរិក នឹងផ្ដល់ទៅឱ្យប្រទេសអ៊ុយក្រែន ខណៈចំនួនទឹកប្រាក់ដែលនៅសល់ នឹងត្រូវបែងចែកទៅឱ្យក្នុងចំណោម ប្រទេសនៃតំបន់អឺរ៉ុបខាងកើត និងកណ្តាល។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ម៉ោងក្នុងទីក្រុងកៀវ) ដែលនេះជាដំណើរទស្សនកិច្ច ក្នុងកំលុងពេលមានសង្រ្គាមជាលើកដំបូងពីសំណាក់មន្ត្រីកំពូលអាមេរិក ខណៈសង្រ្គាមរបស់លោក ពូទីន បានឈានចូលដល់ខែទី៣ហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews