ព័ត៌មានអន្តរជាតិ April 26, 2022

កំពូលមហាសេដ្ឋីលោក Elon Musk បានទិញយកបណ្ដាញសង្គម Twitter នៅក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ

Khmerpress

ក្រុមហ៊ុន Twitter បានយល់ព្រមលើការស្នើទិញផ្ដាច់របស់លោក Elon Musk ដែលធ្វើឱ្យកំពូលមហាសេដ្ឋីរូបនេះ អាចគ្រប់គ្រងលើវេទិកាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព ជាមួយនឹងចំនួនអ្នកប្រើប្រាស់រាប់លាននាក់ រួមទាំងមេដឹកនាំពិភពលោកជាច្រើនទៀត។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានឈានដល់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃប្រហែល ៤៤ ពាន់លានដុល្លារ ហើយគ្រោង​នឹង​ធ្វើឱ្យបណ្ដាញមួយនេះមាន​លក្ខណៈ​ជាឯកជន​ បន្ទាប់​ពី​ការ​លក់ផ្ដាច់​ត្រូវ​បាន​បញ្ចប់។ ដំបូងឡើយ Twitter បានប្រើយុទ្ធសាស្ត្រ «ថ្នាំពុល» ដើម្បីបង្អាក់ការទិញផ្ដាច់ ដោយផ្តល់សិទ្ធិពិសេសដល់ម្ចាស់ភាគហ៊ុនផ្សេងទៀត ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទិសដៅ ហើយទទួលយកកិច្ចព្រមព្រៀងនេះទៅវិញ។

លោក Elon Musk បានពណ៌នាបណ្ដាញសង្គម Twitter ថាជា «ទីលានទីក្រុងឌីជីថល ដែលបញ្ហាសំខាន់សម្រាប់អនាគតរបស់មនុស្សជាតិ ត្រូវបានពិភាក្សា»។ លោក Musk ក៏បានសន្យានូវមុខងារថ្មីៗផងដែរ ដូចជាការធ្វើឱ្យក្បួនដោះស្រាយរបស់ Twitter មានតម្លាភាព ដើម្បីបង្កើនការជឿទុកចិត្ត និងការកម្ចាត់ពពួក spam bots ។

នាយកប្រតិបត្តិ Twitter លោក Parag Agrawal បានបង្ហោះសារថា គាត់មានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមរបស់គាត់ ហើយត្រូវបានបំផុសគំនិត ដោយការងារដ៏សំខាន់បំផុតមួយនេះ។ ប្រធានក្រុមប្រឹក្សាភិបាលរបស់ Twitter លោក Bret Taylor ក៏បាននិយាយដែរថា ក្រុមប្រឹក្សាភិបាលបានសម្រេចចិត្តថា ការស្នើរបស់លោក Musk ផ្តល់ឱ្យម្ចាស់ភាគហ៊ុននូវតម្លៃដ៏ល្អបំផុត។ លោក​បាន​ធានា​ដល់​បុគ្គលិក​ថា ​កិច្ច​ព្រម​ព្រៀង​នឹងផ្តល់​អាទិភាព​ដល់ «ការ​បន្ត​ប្រតិបត្តិការ» តទៅមុខ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត