ក្រុមហ៊ុន Mercedes Benz របស់ប្រទេសថៃ ប្រកាសឈប់យកស្រីស្អាតដែលស្លៀកពាក់សិចស៊ី មកផ្សព្វផ្សាយរថយន្តរបស់ខ្លួនទៀតហើយ
ក្រុមហ៊ុន Mercedes Benz របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងឈប់ប្រើប្រាស់ស្រីស្អាត ដែលស្លៀកពាក់សិចស៊ីបញ្ចេញសាច់ ឱ្យមកផ្សព្វផ្សាយរថយន្តរបស់ខ្លួននៅក្នុងកម្មវិធី Motor Show ទៀតហើយ នេះបើតាមការបង្ហោះដោយ KhaosodEnglish នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដូច្នេះហើយ នារីម៉ូដែលស្អាតៗទាំងនោះ នឹងត្រូវបានជំនួសដោយមគ្គុទ្ទេស ដែលទទួលការបណ្តុះបណ្តាល និងស្គាល់ច្បាស់អំពីរថយន្ត ដោយមិនប្រកាន់ថាភេទណា ឬត្រូវចាំបាច់តែងខ្លួននោះឡើយ ហើយគេហៅអ្នកទាំងនោះថាជា មគ្គុទ្ទេសក៍ឌីជីថល (Digital Guides)។
ជាទូទៅវប្បធម៌នៃការប្រើប្រាស់នារីម៉ូដែលស្អាតៗ ដែលស្លៀកពាក់បញ្ចេញសាច់ ដើម្បីមកធ្វើបទបង្ហាញផ្សព្វផ្សាយរថយន្តនៅក្នុងព្រឹត្តិការណ៍នានា គឺជាយុទ្ធសាស្ត្រទីផ្សារដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ។ ប្រការនេះ វាអាចប៉ះពាល់ដល់ទស្សនៈរបស់ប្រជាជនថៃចំពោះនារីម៉ូដែលទាំងនោះ ហើយវាប៉ះពាល់ដល់តម្លៃរបស់ស្ត្រី និងអាចនាំឱ្យមានសកម្មភាពមិនសមរម្យលើពួកគេផងដែរ។ ក្រុមហ៊ុនបាននិយាយថា ការសម្រេចចិត្តនេះគឺផ្អែកលើគោលដៅរបស់ក្រុមហ៊ុន Mercedes Benz នៅក្នុងការផ្លាស់ប្តូរតម្លៃស្ត្រីក្នុងសង្គមថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

