ការសិក្សាថ្មីមួយរកឃើញថាការចាក់វ៉ាក់សាំងក្នុងប្រទេសអង់គ្លេស ជួយសង្រ្គោះមនុស្ស ១០,៤០០នាក់ពីសេចក្ដីស្លាប់
(ឡុងដ៍)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថាការចាក់វ៉ាក់សាំង COVID-19 នៅក្នុងប្រទេសអង់គ្លេសបានជួយទប់ស្កាត់មិនឱ្យមនុស្សមានវ័យ៦០ឆ្នាំ ឡើងទៅច្រើនជាង ១០,០០០នាក់បាត់បង់ជីវិត គិតត្រឹមកាលពីចុងខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។
បើតាមការសិក្សាស្រាវជ្រាវធ្វើឡើងដោយទីភ្នាក់ងារសុខាភិបាលសាធារណៈអង់គ្លេស (Public Health England) វ៉ាក់សាំង១៥លានដូសត្រូវបានចាក់ជូន មនុស្សពេញវ័យមានអាយុ៦០ឆ្នាំឡើងទៅ នៅក្នុងប្រទេសអង់គ្លេសគិតត្រឹមខែចុងខែមីនា ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះឯងបានជួយសង្រ្គោះមនុស្ស ១០,៤០០នាក់ ដែលភាគច្រើនជាមនុស្សមានអាយុ៨០ឆ្នាំ ពីសេចក្ដីស្លាប់។
គួរបញ្ជាក់ថា បច្ចុប្បន្ន យុទ្ធនាការចាក់វ៉ាក់សាំងបានបង្កើនល្បឿនយ៉ាងខ្លាំងចាប់តាំងពីខែមីនាមក ដោយគិតជាសរុបប្រជាជន ៣១.៨លាននាក់នៅទូទាំង ចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងដូសទី១ ខណៈ៦.១លាននាក់បានចាក់វ៉ាក់សាំង២ដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews