កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចាប់រថយន្ដ៤២គ្រឿង និងកង់បី១គ្រឿង ដែលលួចចូលដឹកកម្មករចេញពីតំបន់ក្រហម ក្នុងខណ្ឌពោធិ៍សែនជ័យ, មនុស្សសរុបជាង ១០០នាក់ត្រូវឃាត់ខ្លួន
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការចាប់រថយន្ដចំនួន៤២គ្រឿង និងកង់បីមួយគ្រឿង ដែលបំពានសេចក្ដីណែនាំដោយលួចចូលដឹកកម្មករ ចេញពីតំបន់ក្រហម ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ។
របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រៅពីចាប់បានមធ្យោបាយហើយនោះ កម្លាំងសមត្ថកិច្ចក៏ឃាត់បានមនុស្ស សរុបចំនួន១០៤នាក់ផងដែរ រួមមាន កម្មករចំនួន៤៩នាក់ និងព្រូរថយន្តចំនួន៥៥នាក់ ក្នុងនោះក្មេងតូចៗ ចំនួន៣នាក់។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមនុស្សទាំងជាង១០០នាក់នោះ មានកម្មករចំនួន៤៩នាក់ និងអ្នកបើកបរ ព្រមទាំងព្រូរថយន្ដចំនួន៥៥នាក់។
សូមជម្រាបថា សេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ បុគ្គលគ្រប់រូបដែលរស់នៅក្នុងតំបន់ក្រហម ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅខាងក្រោលំនៅឋាន ឬទីសំណាក់របស់ខ្លួននោះទេ លើកលែងករណីចាំបាច់បន្ទាន់ប៉ុណ្ណោះ។ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានបញ្ជាក់ថា ដោយមានការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ី ចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់ (តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា។
លោក មាន ចាន់យ៉ាដា បានបន្ថែមទៀតថា ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជំងឺកូវីដ-១៩ផងដែរ។ជាមួយគ្នានេះ លោកបានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋដទៃទៀត ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើសដូចប្រជាពលរដ្ឋទាំង១០៤នាក់ ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩។ លោកសូមឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ ក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ Freshnews