ព័ត៌មានអន្តរជាតិ

រយៈពេល៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន១៤គ្រឿង នៅទូទាំងប្រទេស

BY
Khmerpress
May 7, 2022
រយៈពេល៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន១៤គ្រឿង នៅទូទាំងប្រទេស

(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធចំនួន១៤គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងជ្រកក្រោមផ្លាកលេខក្លែងក្លាយ។

រថយន្តទាំង១៤គ្រឿង ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ក្រាបបានក្នុងរយៈពេល១សប្តាហ៍នេះរួមមាន៖

១-រថយន្តម៉ាក LEXUS CT200h ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ កម្ពុជា RA.TA108 ឆ្នាំម៉ូដែល 2012
២-រថយន្តម៉ាក LEXUS RX450h ពណ៌ស ចង្កូត ឆ្វេង ស្លាកលេខ 2AM-0296 ឆ្នាំម៉ូដែល 2010
៣-រថយន្តម៉ាក LEXUS GS300 ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2AP-1559 ឆ្នាំម៉ូដែល 2006
៤-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ស្លាកលេខ ភ្នំពេញ 2BF-0018 ឆ្នាំម៉ូដែល 2004
៥- រថយន្តម៉ាក Lexus HS250h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
៦- រថយន្តម៉ាក Lexus HS250h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១១
៧- រថយន្តម៉ាក Lexus RX350 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១០
៨- រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១០
៩- រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ប្រផេះ ឆ្នាំម៉ូដែល 2006 កម្លាំងសេស 3300cc
១០-រថយន្តម៉ាក Lexus RX400h ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំ២០០៧
១១. រថយន្តម៉ាក LEXUS RX350 ប្រភេទទេសចរណ៍ ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010
១២. រថយន្តម៉ាក LEXUS RX350 ប្រភេទទេសចរណ៍ ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2012
១៣. រថយន្តម៉ាក Ford Ranger Wildtrak ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០២០
១៤. រថយន្តម៉ាក Jeep Wrangler Sahara ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១០

សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះបង្ក្រាបរថយន្តគ្មានពន្ធកាន់តែខ្លាំង ក្រោយផុតឱសានវាទជាង៥០ថ្ងៃទៀត ខណៈរថយន្ដចង្កូតស្ដាំ បង្ក្រាបបាននឹងកម្ទេចចោល។

ឱសានវាទចុងក្រោយនៃយុទ្ធនាការប្រមូលពន្ធអាករ លើរថយន្ដមានស្រាប់នៅក្នុងប្រទេស ត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធទទួលបង់ពន្ធរថយន្ដមានស្រាប់ក្នុងប្រទេសនោះទេ តួនាទីដ៏សំខាន់ គឺការចុះបង្ក្រាប។

ករណីដែលរថយន្ដគ្មានពន្ធបង្ក្រាបបាន ក្រោយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺរថយន្ដចង្កួតឆ្វេង ត្រូវទទួលរងនូវការបង់ពន្ធអាករ តាមច្បាប់ជាធរមានផង និងបង់ពិន័យថែមទៀត។ ដោយឡែករថយន្ដចង្កួតស្ដាំ នៅពេលដែលបង្ក្រាបបាន នឹងត្រូវដោះបំណែក ដោយបម្លែងរថយន្ដទៅជាគ្រឿងបំណែករថយន្ដ ពីព្រោះរថយន្ដចង្កួតស្ដាំ គឺជារថយន្ដហាមឃាត់ ក្នុងការនាំចូលសម្រាប់ប្រើប្រាស់ នៅក្នុងប្រទេស និងមួយទៀត គឺអាចកម្ទេចចោលតែម្ដង។

លោក គុណ ញឹម ក៏បានអំពាវនាវដល់ម្ចាស់រថយន្ដទាំងឡាយ ដែលនៅមិនទាន់នាំយករថយន្ដរបស់ខ្លួន ចូលមកបង់ពន្ធអាករ សូមរួសរាស់មកបំពេញ កាតព្វកិច្ចពន្ធអាករ ឲ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលនៅសល់ពេលមិនដល់៦០ថ្ងៃនោះទេ។

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុញ្ញាតឲ្យរថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ខណៈរថយន្តចង្កួតស្តាំ (កែចង្កួតរួចបង់ពន្ធ) ទទួលបានការអនុគ្រោះពន្ធ១០ភាគរយ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ចំនួនជិត៧ពាន់គ្រឿង បានចូលខ្លួនប្រកាស និងបង់ពន្ធ ដែលគិតជាទឹកប្រាក់៦០លានដុល្លារ បានបង់ចូលថវិកាជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: