ព័ត៌មានអន្តរជាតិ

ប្រជាជនស្រីលង្ការាប់រយនាក់ នាំគ្នាភៀសខ្លួនចេញពីរដ្ឋធានី ចំពោះមុខភាពវឹកវរ ដោយសារតែវិបត្តិសេដ្ឋកិច្ច

BY
Khmerpress
May 12, 2022
ប្រជាជនស្រីលង្ការាប់រយនាក់ នាំគ្នាភៀសខ្លួនចេញពីរដ្ឋធានី ចំពោះមុខភាពវឹកវរ ដោយសារតែវិបត្តិសេដ្ឋកិច្ច

(កូឡុំបូ)៖ ប្រជាជនស្រីលង្ការាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅស្ថានីយ៍រថយន្តក្រុង ក្នុងទីក្រុងកូឡ៉ំបូ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក ម៉ាហ៉ីនដា រ៉ាចាប៉ាកសា (Mahinda Rajapaksa) បានលាលែងពីតំណែង ហើយប្រធានាធិបតី លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានព្រមានពីការធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ ចំពោះមុខភាពវឹកវរ ដែលកំពុងតានតឹងខ្លាំងក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២។

ប្រជាជនស្រីលង្ការាប់រយនាក់ បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថយន្តក្រុង នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម កូឡុំបូ បន្ទាប់ពីអាជ្ញាធរបានដកចេញ នូវបំរាមគោចរនៅវេលាម៉ោង ៧៖០០នាទីព្រឹក ប៉ុន្តែនឹងត្រូវដាក់ឱ្យអនុវត្តជាថ្មី នៅវេលាម៉ោង ២៖០០រសៀល។

ប្រទេសស្រីលង្កា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ខណៈអំពើហិង្សាកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ក្នុងសប្តាហ៍នេះ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រី លោក Mahinda Rajapaksa ដែលជាបងប្រុសរបស់ប្រធានាធិបតី បានវាយប្រហារលើ ក្រុមប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុង កូឡុំបូ។

បន្ទាប់ពីនោះ អំពើហិង្សាសងសឹកវិញក៏បានផ្ទុះឡើង ប្រឆាំងនឹងក្រុមអ្នកនយោបាយ ដែលនៅរណបគ្រួសារត្រកូល Rajapaksa។ កងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីល្បាតតាមដងផ្លូវ ហើយមកទល់ពេលនេះ មនុស្ស៩នាក់បានបាត់បង់ជីវិត និងជាង ៣០០នាក់ បានទទួលរងរបួស នៅក្នុងការប៉ះទង្គិចគ្នា។

គួរបញ្ជាក់ថា លោក Mahinda Rajapaksa បានលាលែងពីតំណែង បន្ទាប់ពីការប៉ះទង្គិចគ្នាបានផ្ទុះឡើង ហើយឥឡូវនេះកំពុងលាក់ខ្លួន នៅក្នុងមូលដ្ឋានយោធាមួយកន្លែង នៅភាគឦសាននៃប្រទេស។ លោក Gotabaya Rajapaksa បាននិយាយថា លោកនឹងតែងតាំងនាយករដ្ឋមន្រ្តីថ្មី ក៏ដូចជានឹងរៀបចំគណៈរដ្ឋមន្ត្រីថ្មី នៅសប្តាហ៍នេះ ដើម្បីការពារប្រទេសពី ការធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ និងដើម្បីរក្សាកិច្ចការរបស់រដ្ឋាភិបាលក្នុងអាណត្តិអតីតនាយករដ្ឋមន្រ្តីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: