ព័ត៌មានអន្តរជាតិ

ពលរដ្ឋនៅប្រទេសឡាវត្រូវតម្រង់ជួររាប់ម៉ោងដើម្បីចាក់សាំង ហើយក្នុងម្នាក់ៗអាចចាក់សាំងត្រឹម ៤០ ដុល្លារប៉ុណ្ណោះ ដោយសារកង្វះខាតប្រេងសាំង ហើយតម្លៃកាន់តែថ្លៃជាងមុន

BY
Khmerpress
May 13, 2022
ពលរដ្ឋនៅប្រទេសឡាវត្រូវតម្រង់ជួររាប់ម៉ោងដើម្បីចាក់សាំង ហើយក្នុងម្នាក់ៗអាចចាក់សាំងត្រឹម ៤០ ដុល្លារប៉ុណ្ណោះ ដោយសារកង្វះខាតប្រេងសាំង ហើយតម្លៃកាន់តែថ្លៃជាងមុន

វិបត្តិប្រេងសាំងនៅក្នុងប្រទេសឡាវ កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ ហើយអ្នកបើកបរយានយន្តក្នុងរដ្ឋធានីឡាវជាច្រើន ត្រូវបង្ខំចិត្តតម្រង់ជួររាប់ម៉ោងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីរង់ចាំចាក់សាំងទៅក្នុងយានជំនិះរបស់ពួកគេ។ បញ្ហានេះបានកើតឡើង នៅពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រេងឡើងថ្លៃ និងការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុករបស់ឡាវ ខណៈដែលប្រទេសឡាវ ក៏រងការខូចខាតយ៉ាងខ្លាំងដោយសារជំងឺ COVID-19 ។ កង្វះខាតប្រេងសាំង ត្រូវបានគេឃើញនៅតាមបណ្តាខេត្តជាច្រើនសប្តាហ៍មកហើយ ហើយបញ្ហាក៏បានមកដល់រដ្ឋធានីវៀងចន្ទន៍ កាលពីរសៀលថ្ងៃច័ន្ទ។ ឥឡូវនេះនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ កំពុងកំណត់ឱ្យមានការចាក់ប្រេងសាំងត្រឹម ៥០០,០០០ គីប (ប្រហែល ៤០ ដុល្លារ) ក្នុងអតិថិជនម្នាក់ៗប៉ុណ្ណោះ។

ក្រុមហ៊ុននាំចូលរបស់រដ្ឋបាននិយាយថា បច្ចុប្បន្ននេះ ពួកគេអាចនាំចូលបានត្រឹមតែ ២០ លានលីត្រប៉ុណ្ណោះ ខណៈដែលជាធម្មតាពួកគេនាំចូលប្រេងឥន្ធនៈ ១២០ លានលីត្រ ជារៀងរាល់ខែ។ ពួកគេក៏បានផ្ញើលិខិតទៅកាន់អ្នកលក់រាយក្នុងសប្តាហ៍នេះ ដោយក្រុមហ៊ុនប្រេងឥន្ធនៈរដ្ឋឡាវ បានជូនដំណឹងដល់អ្នកលក់បន្តរបស់ខ្លួនថា ខ្លួនបានឈានដល់ចំណុចមួយដែល «មិនអាចបំពេញតម្រូវការអតិថិជនរបស់ខ្លួនបានទៀតទេ»។ វាបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋសភារបស់ប្រទេសនេះ បានអនុម័តការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ពី ៣១% មកត្រឹមតែ ១៦% ដើម្បីព្យាយាមបញ្ចៀសវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលបានណែនាំឱ្យពលរដ្ឋកុំបើកបរយានជំនិះចេញក្រៅដោយមិនចាំបាច់ នៅពេលដែលប្រេងសាំងពុំមានគ្រប់គ្រាន់សម្រាប់គ្រប់គ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: