ព័ត៌មានអន្តរជាតិ

ថៃ៖ ស្រ្តីម្នាក់សុខចិត្តអង្គុយយាមទូ ATM ពេញមួយយប់ ក្រោយដកប្រាក់ហើយជួបបញ្ហាមួយនេះ

BY
Khmerpress
May 13, 2022
ថៃ៖ ស្រ្តីម្នាក់សុខចិត្តអង្គុយយាមទូ ATM ពេញមួយយប់ ក្រោយដកប្រាក់ហើយជួបបញ្ហាមួយនេះ

ថៃ៖ សារព័ត៌មាន Khaosod នាពេលថ្មីៗនេះ បានចុះផ្សាយពីករណីដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយស្រ្តីម្នាក់បាននៅអង្គុយយាមប្រាក់របស់ខ្លួននៅមុខទូ ATM អស់ពេលពេញមួយយប់ ដោយសារទៅដកប្រាក់ហើយ តែម៉ាស៊ីនគាំងចេញលុយមកបានតែមួយកំណាត់សន្លឹក។ តាមប្រភពដដែលបានឱ្យដឹងថា ស្រ្តីរូបនោះ មានអាយុ ៥៥ឆ្នាំ រស់នៅភូមិ​ណនផាក់វ៉ាន់ ឃុំ​បាន​តាត ស្រុក​បាន​ឌុង ខេត្ត​ឧដុង្គថានី។

ស្រ្តីរូបនោះបានឱ្យដឹងថា គាត់បានបើក​ម៉ូតូ​ទៅ​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM របស់​ធនាគារ នៅទល់មុខហាង Lotus Department Store ក្នុងក្រុង Ban Dung ប៉ុន្តែពេលធ្វើប្រតិបត្តិការរួច លុយដែលចេញមកបានតែមួយកំណាត់សន្លឹកប៉ុណ្ណោះ ដោយមួយកំណាត់ត្រូវជាប់នៅក្នុងម៉ាស៊ីន ធ្វើឱ្យគាត់មិនអាចដកលុយនោះមកបាន។

ក្រោយជួបរឿងនេះ ​បុគ្គលិក​ហាង​ម្នាក់​បាន​មក​ជួយ ហើយ​ព្យាយាម​ទាញ​វា​ចេញ ប៉ុន្តែ​លុយ​មិន​ចេញ​ទេ ដូច្នេះត្រូវ​អង្គុយ​ចាំ​លុយ​ ៥០០​បាត​នោះនៅ​មុខ​ម៉ាស៊ីន​ ​ATM ដល់ទៅ២​ម៉ោង។ នាពេលនោះគាត់បានព្យាយាមទាញក្រដាសប្រាក់នឹងចេញមក ប៉ុន្តែបើទោះជាប្រឹងទាញយ៉ាងណាក៏វាមិនរបូតចេញមកដែរ ទើបគ្មានជម្រើសហើយសម្រេចចិត្ត អង្គុយនៅពីមុខទូដកលុយដោយសង្ឃឹមថានឹងមានអ្នកមកជួយ។

លុះក្រុមការងារអ្នកកាន់ផេក (admin page) បានចុះមកជួយដកប៉ុន្តែនៅតែដកមិនចេញ ទើបក្រុមការងារបានណែនាំអោយអ្នកមីង ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសជាមុនសិន ក៏ដូចជារង់ចាំអោយខាងធនាគារដោះស្រាយបញ្ហាជូន។ ប៉ុន្តែអ្នកមីងនៅតែសម្រេច ចិត្តអង្គុយយាមលុយនៅពីមុខទូ ATM ពេញមួយយប់ដោយសារតែទឹកប្រាក់នេះគាត់មានការចាំបាច់ត្រូវប្រើពិតមែន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post:

ព័ត៌មានអន្តរជាតិ

ជប៉ុនរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Mawar ដែលជិតមកដល់

BY
Khmerpress
June 2, 2023
ជប៉ុនរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ខណៈកំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះទីហ្វុង Mawar ដែលជិតមកដល់

(តូក្យូ)៖ ផ្នែកខ្លះនៃប្រទេសជប៉ុនបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃសុក្រនេះ ខណៈដែលព្យុះទីហ្វុងម៉ាវ៉ា (Mawar) កាន់តែជិតបោកបក់មកដល់ ដោយនឹងនាំមកនូវខ្យល់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតពាសពេញផ្ទៃប្រទេស ជំរុញឲ្យអាជ្ញាធរចេញការណែនាំដល់មនុស្សរាប់ម៉ឺននាក់ ឲ្យធ្វើការជម្លៀសខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ព្យុះទីហ្វុងម៉ាវ៉ា (Mawar) ដែលបង្កឲ្យមានការបំផ្លិចបំផ្លាញលើកោះហ្កាំ (Guam) កាលពីដើមសប្តាហ៍នេះ បានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិច ហើយត្រូវបានគេរំពឹងថានឹងឆ្លងកាត់ភាគខាងត្បូងនៃកោះដ៏ធំមួយរបស់ជប៉ុន គឺកោះហុនស៊ូ (Honshu) នៅពេលរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ុន្តែ មន្រ្តីឧតុនិយមព្រមានថា វានៅតែមានគ្រោះថ្នាក់ដែលខ្យល់សើមពីព្យុះទីហ្វុង ប្រែទៅជាភ្លៀងធ្លាក់ជោគជាំ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានអំពីទឹកជំនន់សម្រាប់ប្រជុំកោះអូគីណាវ៉ា (Okinawa) និងផ្នែកខ្លះនៃកោះស៉ីកូគុ (Shikoku) និងហុនស៊ូ (Honshu) ដោយអាចនឹងមានភ្លៀងធ្លាក់កម្រិត ៣៥០មីលីម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុងហុនស៊ូ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បាតុភូតអាកាសធាតុស្រដៀងគ្នានេះ ធ្លាប់បណ្តាលឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសនៅក្នុងរដូវក្តៅនៃឆ្នាំ ២០១៨ នៅពេលដែលមនុស្សជាង ២០០នាក់ បានស្លាប់នៅភាគខាងលិចប្រទេសជប៉ុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

ព័ត៌មានអន្តរជាតិ

សេតវិមានបញ្ជាក់ថាលោក ចូ បៃដិន មិនមានរបួសនោះទេ ក្រោយចំពប់ជើងដួល

BY
Khmerpress
June 2, 2023
សេតវិមានបញ្ជាក់ថាលោក ចូ បៃដិន មិនមានរបួសនោះទេ ក្រោយចំពប់ជើងដួល

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចំពប់ជើងដួលនៅលើវេទិកា ខណៈរូបលោកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតយោធា នៅឯសាលាកងទ័ពអាកាស ក្នុងរដ្ឋ Colorado នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣។

ភ្លាមៗនោះដែរ សេតវិមានបានចេញមកបញ្ជាក់ថាលោក បៃដិន មិនបានរងរបួសអ្វីនោះទេ រី​ឯលោក បៃដិនផ្ទាល់ក៏បានក្រោកឈរដើរទៅរកកៅអីអង្គុយដោយ ខ្លួនឯងផងដែរ។ នៅពេលលោក បៃដិន ងើបឈរ លោកបានចង្អុលទៅកាន់វត្ថុម្យ៉ាង ដែលធ្វើឱ្យលោកចំពប់ជើងដួល ហើយវត្ថុនេះត្រូវបានគេបញ្ជាក់ថាគឺជា ជាថង់ខ្សាច់តូចៗចំនួន២ ដែលគេប្រើដើម្បីទ្រឧបករណ៍ Teleprompters។

គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ ៨០ឆ្នាំ គឺជាប្រធានាធិបតីមានវ័យចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយលោកក៏បាន ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀត សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រាប់ទីក្រុងកៀវកុំឱ្យវាយប្រហារចូលទឹកដីរុស្ស៉ី

BY
Khmerpress
June 1, 2023
អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រាប់ទីក្រុងកៀវកុំឱ្យវាយប្រហារចូលទឹកដីរុស្ស៉ី

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំង ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវចម្រុះរាប់លានគ្រាប់ ប៉ុន្តែបានព្រមានទីក្រុងកៀវថា សព្វាវុធរបស់អាមេរិកមិនគួរត្រូវយកទៅប្រើប្រាស់ ដើម្បីវាយប្រហារចូលក្នុងទឹកដី នៃប្រទេសរុស្ស៉ីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៣។

លោក ចន ខឺប៊ី (John Kirby) អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយយ៉ាងដូច្នេះថា «យើងមិនបានប្រាប់ពួកគេឱ្យ​វាយប្រហារនៅកន្លែងណា ហើយយើងក៏មិនបានប្រាប់ពួកគេមិនឱ្យវាយប្រហារនៅកន្លែងណាដែរ។ ចុងក្រោយបំផុត គឺមានតែប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងក្រុមមេបញ្ជាការយោធារបស់លោកប៉ុណ្ណោះ ដែលជាសម្រេចចិត្តអំពីអ្វីដែលពួកគេ​នឹងត្រូវធ្វើ។ យ៉ាងណាក្តី ប្រាកដណាស់គឺយើងមិនចង់ឃើញការវាយប្រហារណាមួយ ចូលទៅក្នុងទឹកដីរុស្ស៉ី ដែលធ្វើឡើងដោយសព្វាវុធនិងបរិក្ខារយោធា ដែលផ្គត់ផ្គង់ពីអាមេរិកឡើយ»។

ដោយឡែក ក្នុងកញ្ចប់ជំនួយយោធាថ្មីខាងលើ មន្ទីរបញ្ចកោណបានឱ្យដឹងថា វានឹងរួមមានគ្រាប់មីស៉ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot), មីស៉ីលការពារអាកាស AIM-7, ប្រព័ន្ធការពារដែនអាកាស Avenger, មីស៉ីលប្រឆាំងយន្តហោះ Stinger។ បន្ថែមពីនេះ រួមមានគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ និង១០៥មីលីម៉ែត្រ, គ្រាប់១០៥មីលីម៉ែត្ររបស់រថក្រោះ និងរ៉ុក្កែត Zuni សម្រាប់បាញ់ពីយន្តហោះ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏នឹងរួមមានគ្រាប់កាំភ្លើងប្រមាណជាង ៣០លានគ្រាប់ផងដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអាមេរិក មកទល់ពេលនេះ ការផ្តល់ជំនួយផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៉ីនតោនសម្រាប់ទីក្រុងកៀវ បានកើនសរុបដល់ទំហំ៣៧.៦ពាន់លានដុល្លារហើយ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: