រកឃើញអ្នកបើករថយន្តម្នាក់ វិជ្ជមានកូវីដ១៩ នៅស្រុកឆែប ខេត្តព្រះវិហារ, មនុស្ស៩នាក់ទៀត ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ
(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានរកឃើញបុរសម្នាក់ជាតៃកុងរថយន្តដឹកស្រាបៀហ្គេនប៊ឺត ម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ ដោយឡែកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលចំនួន ៩នាក់ទៀត ជាម្ចាស់ហាងបាយ និងអ្នកធ្វើការនៅក្នុងហាងបាយយីហោ «ណារ៉ែន» ស្ថិតក្នុងភូមិឆែបលិច ឃុំឆែមមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានយកសំណាកទៅពិនិត្យ និងឱ្យធ្វើចត្តាឡីស័ក។
បុរសជាតៃកុងរថយន្តមានវិជ្ជមានជំងឺកូវីដ១៩នេះ មានឈ្មោះ នឹម អេង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រឡាញ់ខាងត្បូង ឃុំជ្រែកជ័យ ស្រុក សំរោង ខេត្តតាកែវ។
បើតាមលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានថ្លែងដឹងថា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា «នៅវេលាម៉ោងប្រហែល០៧៖០០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ១៩ ម្នាក់បានបើករថយន្តដឹកទំនិញ ស្រាបៀហ្គែនប៊ឺត តែម្នាក់ឯង បានចេញដំណេីរពីព្រែកក្តាម ទិសដៅទៅខេត្តរតនគីរី។
លុះមកដល់ខេត្តព្រះវិហារ គាត់បានធ្វេីដំណេីរតាមផ្លូវជ័យសែន ឆ្ពោះទៅខេត្តរតនគីរី ដោយឆ្លងកាត់ស្រុកឆែប និងបានចុះហូបបាយតែមួយកន្លែងទេគឺ អាហារដ្ឋានណារ៉ែន។ គាត់បានចូលក្នុងហាងបាយដោយអង្គុយជាមួយអ្នករត់ឡានម្នាក់ទៀត ដោយបេីកឡានផ្សេងគ្នាទិសដៅទៅខេត្តរតនគីរី (មិនស្គាល់ឈ្មោះ)។ គាត់បានបញ្ជាក់តាមទូរស័ព្ទថា គាត់មិនបានចូលបន្ទប់ទឹកក្នុងហាងបាយ និងមិនបានដេីរឆ្លងតុបាយពីមួយទៅមួយទេ (មានកាំមេរ៉ាសុវត្ថិភាព) ជាសត្តុតាង»។
ប្រធានមន្ទីរថា «ពេលនោះមានអ្នករត់តុម្នាក់បានមកសួរនាំភ្ញៀវទាំង២នាក់ ដោយមិនបានពាក់ម៉ាស តែបានរក្សាគំលាតប្រហែល ១ម៉ែត្រកន្លះ។ ដូច្នេះ នៅករណីនេះ គឺរកឃើញមានអ្នកពាក់ព័ន្ធដោយផ្ទាល់តែម្នាក់ និងអ្នក់ពាក់ព័ន្ធដោយប្រយោលចំនួន ៨នាក់ទៀត ដែលសុទ្ធតែជាក្រុមគ្រួសារ និងអ្នកធ្វើការនៅក្នុងហាងបាយនេះ អ្នកទាំង៩នាក់នេះ មានសុខភាពល្អ គ្មានរោគសញ្ញាសង្ស័យអ្វីទេ»។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបន្ថែមទៀតថា អ្នករត់តុម្នាក់ដែលពាក់ព័ន្ធដោយផ្ទាល់ ស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ ចំណែកមនុស្ស ០៨នាក់ផ្សេងទៀត ដែលពាក់ព័ន្ធដោយប្រយ៉ោលស្ថិតក្នុងហានិភ័យទាប។ ដោយពេលនេះអ្នកពាក់ព័ន្ធដោយផ្ទាល់ គឺយើង បានយកសំណាកទៅពិនិត្យ និងឱ្យគាត់ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ អនុវិទ្យាល័យឆែប។
ចំណែកមនុស្ស ០៨នាក់ផ្សេងទៀត បានឱ្យពួកគាត់ធ្វេីចត្តាឡីស័កនៅផ្ទះ ដោយណែនាំពីវិធានការការធ្វើចត្តាឡីស័ក និងធ្វើការតាមដានសុខភាពប្រចាំថ្ងៃរយៈពេល១៤ថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews
