ព័ត៌មានអន្តរជាតិ May 10, 2021

នៅប្រទេសថៃអ្នកចង់ចាក់វ៉ាក់សាំងអាមេរិក Moderna នឹងត្រូវចំណាយក្រោម ១០០ដុល្លារសម្រាប់២ដូស

Khmerpress

(បាងកក)៖ សមាគមមន្ទីរពេទ្យឯកជន នៅក្នុងប្រទេសថៃបានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យឯកជននានា នឹងចាប់ផ្ដើមដាក់លក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ក្នុងតម្លៃក្រោម ៣,០០០បាត (៩៦.៣៣ដុល្លារ) សម្រាប់ការចាក់ទាំងពីរដូស។ នេះបើតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ ថៃហ្គឺ (the thaiger) នៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់សមាគមមន្ទីរពេទ្យឯកជនថៃ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនឱសថរដ្ឋថៃ GPO (Government Pharmaceutical Organisation) នឹងបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន Moderna សម្រាប់លក់ ដោយ GPO នឹងដើរតួនាទីជាអ្នកសម្របសម្រួល។ ភ្លាមៗមិនទាន់មានការបញ្ជាក់ អំពីកាលបរិច្ឆេទនៅឡើយទេ តែក្រសួងសុខាភិបាលថៃបានបង្ហើបថា វ៉ាក់សាំងអាមេរិកមួយនេះ អាចនឹងមកដល់ប្រទេសថៃ នៅអំឡុង៦ខែចុងក្រោយនៃឆ្នាំ២០២១។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ជាប្រភេទវ៉ាក់សាំងតម្រូវឱ្យចាក់ ០២ដូស ហើយក្នុងមួយដូសមានតម្លៃពីចន្លោះពី ៣៧ដុល្លារ-៣៨ដុល្លារអាមេរិក ហើយសម្រាប់អ្នកចង់ចាក់ គឺអាចនឹងត្រូវទៅទិញ និងទទួលការចាក់នៅមន្ទីរពេទ្យ ដែលអាចនឹងបូកថ្លៃសេវាបន្ថែមពីលើនេះទៀត។

ដូចការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលថៃ កាលពីសប្តាហ៍មុនរួចមកហើយ នោះគឺថៃបាននិងកំពុងចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនដោយមិនគិតថ្លៃ តាមរយៈវ៉ាក់សាំងដែលខ្លួនមានជាស្រេចគឺ AstraZeneca និង Sinovac ប៉ុន្តែសម្រាប់វ៉ាក់សាំង Moderna របស់អាមេរិក ដែលនឹងត្រូវអនុម័តឲ្យប្រើឆាប់ៗនេះ គឺនឹងមិនត្រូវផ្តល់ជូនដោយមិនគិតថ្លៃនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews