ព័ត៌មានអន្តរជាតិ May 17, 2022

វិមានក្រឹមឡាំង៖ រុស្សីមានឆន្ទៈក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កូរ៉េខាងជើង

Khmerpress

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីមានឆន្ទៈពិចារណាលើសំណើណាមួយពីកូរ៉េខាងជើង សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ យោងតាមរបាយការណ៍របស់ រ៉យទ័រ បានឱ្យដឹងថា លោក Dmitry Peskov បាននិយាយថា ប្រសិនបើសំណើបែបនេះត្រូវបានធ្វើឡើង ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅវិញភ្លាមៗ។ លោកថា៖«សមមិត្តកូរ៉េខាងជើងយល់ដឹងយ៉ាងច្បាស់អំពីការបង្ការផ្សេងៗរបស់យើង។ ពួកគេដឹងពីបទពិសោធន៍ដ៏ទូលំទូលាយរបស់យើងជាមួយ COVID-19 ។ ប្រសិន​បើ​មាន​ការ​អំពាវនាវ​ពី​ក្រុង​ព្យុងយ៉ាង ពួក​គេ​នឹង​ត្រូវ​ដោះ​ស្រាយបាន​ភ្លាមៗ»។

ប្រទេសកូរ៉េខាងជើង បានរក្សាភាពស្ងប់ស្ងាត់យ៉ាងជាយូរមកហើយអំពីស្ថានភាពជំងឺ COVID-19 របស់ខ្លួន ប៉ុន្តែឥឡូវនេះ ខ្លួនបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១នាក់ បានស្លាប់ ហើយមនុស្សរាប់សែននាក់កំពុងបង្ហាញរោគសញ្ញាគ្រុនក្តៅ។ ប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយពណ៌នាថាវាជា «អាសន្នជាតិធ្ងន់ធ្ងរ»។ ការបិទខ្ទប់ប្រទេសទាំងស្រុងត្រូវបានដាក់ចេញ ហើយការឆ្លងរបស់វ៉ារ្យ៉ង់អូមីក្រុង ឥឡូវនេះត្រូវបានរកឃើញនៅទីក្រុងព្យុងយ៉ាង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត