អង្គការសុខភាពពិភពលោក៖ ជំងឺអុតស្វា Monkeypox ត្រូវបានបញ្ជាក់នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក
យោងតាមការចុះផ្សាយដោយ BBC បានរាយការណ៍ថា ជាង ៨០ករណី នៃជំងឺអុតស្វា Monkeypox ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសយ៉ាងហោចណាស់ ១២ នៅទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោកបាននិយាយថា ករណីសង្ស័យចំនួន ៥០ ផ្សេងទៀត ក៏កំពុងត្រូវបានគេស៊ើបអង្កេត ហើយ WHO បានព្រមានថា នឹងមានករណីជាច្រើន ត្រូវបានរាយការណ៍ជាបន្តបន្ទាប់។ ការឆ្លងត្រូវបានបញ្ជាក់នៅក្នុងប្រទេសអឺរ៉ុបចំនួន ៩ ក៏ដូចជាសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។ គួរឱ្យដឹងដែរថា Monkeypox គឺកើតឡើងធម្មតាបំផុត នៅតំបន់ដាច់ស្រយាលនៃអាហ្វ្រិកកណ្តាល និងខាងលិច។
ជំងឺអុតស្វា Monkeypox គឺជាការឆ្លងមេរោគដ៏កម្រ ដែលជាធម្មតាស្រាល ហើយមនុស្សភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ នេះបើយោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស។ មេរោគនេះមិនងាយឆ្លងរវាងមនុស្សទេ ហើយហានិភ័យដល់សាធារណជនទូទៅគឺមានកម្រិតទាបណាស់។ ជំងឺនេះមិនមានវ៉ាក់សាំងជាក់លាក់ណាមួយឡើយ ប៉ុន្តែវាមានភាពស្រដៀងនឹងជំងឺអុតធំ smallpox ដូច្នេះការព្យាបាលក៏មានភាពស្រដៀងគ្នាដូចនឹង smallpox ផងដែរ។ រោគសញ្ញារបស់ជំងឺអុតស្វា Monkeypox រួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ ញាក់ និងហត់នឿយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

